ក្រុងញូវយ៉កៈ ក្រុមស្រាវជ្រាវលើបញ្ហាស្រ្តីនៅឯប្រទេសម៉ាលី បានបង្ហាញឲ្យដឹងថា ក្រុមស្រ្តីដែលបានវះកាត់សាច់ទ្វារមាសតាំងពីនៅក្មេងតាមជំនឿ ឬប្រពៃណីនោះ ងាយរងគ្រោះដោយសារការរំលោភ បំពានរាងកាយផ្លូវភេទឬ ការធ្វើឲ្យខូចសតិអារម្មណ៍មួយចំនួនទៀតពីប្តី ឬបុរសជាគូកន។
ការ សិក្សានេះបានសិក្សាលើស្រ្តីចំនួន៧៩០០នាក់។ លទ្ធផលនៃការស្រាវជ្រាវឃើញថា មាន២២ភាគរយនៃក្រុមស្រ្តីបានវះកាត់សាច់ទ្វារមាស ពេលនៅក្មេងនោះ មានអត្រារងការប្រើអំពើរំលោភបំពានពីប្តី ឬ គូស្នេហ៍ ខណៈអត្រាស្រ្តីដែលមិនបានឆ្លងកាត់ការវះកាត់ដូច្នេះមានការប្រឈម តិចតួចជាង។
គេបានប៉ាន់ប្រមាណថា ស្រ្តីជាង១៣០លាននាក់នៅលើសកលលោកបានទទួលរងនូវការកាត់សាច់ ទ្វារមាស ដែលជាវិធីសាស្ត្របែបបុរាណមួយមានអាយុកាលជាច្រើនរយឆ្នាំមក ហើយ។
ប្រជាជនមួយចំនួនមានជំនឿថា ជាការវះកាត់សាច់ដែលលៀនចេញពីទ្វារមាសគឺជាការសម្អាតលើផ្នែក ទ្វារមាសស្រ្តី រីឯការដេរភ្ជាប់រន្ធទ្វារមាសឲ្យតូចគឺជាការព្យាបាលកុំឲ្យសន្ទះ យោនីចំហ។ គេឃើញប្រពៃណីនេះបានក្លាយជារឿងសាមញ្ញនៅបណ្តាប្រទេសមួយចំនួននៅ តំបន់វាលខ្សាច់សាហារ៉ា នៃទ្វីបអាហ្វ្រិក ដែលប្រណិប័តន៍ជំនឿកាត់សាច់ទ្វារមាសនេះដើម្បីការពារព្រហ្មចារី និងផ្គាប់ចិត្តបុរសជាស្វាមីដែលចង់បានការរួមភេទដ៏ស្រណុកសុខ ស្រួល។
តាមការពិត ការកាត់សាច់ទ្វារមាសនេះត្រូវបានអ្នកជំនាញផ្នែកសុខភាពរកឃើញ ថា បានបង្កផលលំបាកដល់ស្រ្តីពេលពួកគេពេញវ័យ ដូចជាអារម្មណ៍ឈឺចាប់ពេលរួមភេទ ពិបាកសម្រាលកូន ឆាប់បាត់បង់ព្រហ្មចារី និងមានបញ្ហាផ្លូវចិត្ត។
ការសិក្សាស្រាវ ជ្រាវថ្មីនេះក្នុងគោលបំណងឲ្យឃើញថាតើរវាងក្រុមស្រ្តីដែលបាន កាត់សាច់យោនី និងមិនបានឆ្លងកាត់ពិធីវះកាត់ដ៏ឈឺចាប់នេះមានអត្រាប្រឈមនឹង ហិង្សាពីខាងបុរសកម្រិតណា?
យ៉ាងណាមិញប្រទេសម៉ាលី គឺជាទឹកដីនៃប្រទេសមួយដែលសម្បូរស្រ្តីបានកាត់សាច់ទ្វារមាស ហើយទង្វើនេះនៅទឹកដីមួយនេះមិនខុសច្បាប់ទេ ព្រោះវាជាផ្នែកមួយនៃប្រពៃណីនៃវប្បធម៌ប្រទេសនោះ។
វេជ្ជបណ្ឌិត ហាមីស៊ូ សាលីហ៊ូ មកពីសាកលវិទ្យាល័យមួយនៅភាគខាងត្បូងរដ្ឋហ្លរីដាក្នុងតំបន់ តាំប៉ា បាននិយាយថា៖ «ប្រសិនបើពិធីនេះវាបានចាក់ឫសគល់ក្លាយជាវប្បធម៌ទៅហើយនោះ វាច្បាស់ជាពិបាកក្នុងការផ្លាស់ប្តូរហើយ»។
លោកបានបន្តថា ការកាត់សាច់ទ្វារមាសគឺជាដើមចមនៃអំពើហិង្សាក្នុងគ្រួសារ ដូច្នេះមនុស្សគួរតែបញ្ឈប់សកម្មភាពដូច្នេះ៕ PR

