
កញ្ញា មាស កែវវលក្ខណ៍ អាយុ២២ឆ្នាំ ជានិស្សិតវិទ្យាស្ថានប៊ែលធីអន្តរជាតិ
«ខ្ញុំចូលចិត្តឲ្យមិត្តប្រុសរបស់ខ្ញុំស្លៀកខោជើងវែងមិនថាជាខោខូវប៊យឬសាច់ក្រណាត់នោះទេ។រីឯការពាក់អាវវិញវាគួរតែជាអាវសាច់ក្រណាត់ដៃវែងឬអាវយឺតខ្លី។បើស្លៀកពាក់បែបទាន់សម័យឬសាមញ្ញធម្មតាយ៉ាងណាក៏ដោយឲ្យអាវសមនឹងខោគាត់ពិតជាបុរសសង្ហាណាស់។ ប៉ុន្ដែខ្ញុំមិនពេញចិត្ដឲ្យគាត់ស្លៀកពាក់បែបឌីជេនោះទេគ្រាន់តែធម្មតាទៅបានហើយ»៕

លោក ម៉ៅ សីហា អាយុ២៥ឆ្នាំ ជាបុគ្គលិកនៅក្រុមហ៊ុនឯកជន
«ការស្លៀកពាក់អាស្រ័យលើកាលៈទេសៈជាក់ស្ដែងប៉ុណ្ណោះ។ប្រសិនបើជាការដើរលេងខ្ញុំចូលចិត្តឲ្យនាងស្លៀកបែបសិចស៊ីដូចជាខោខូវប៊យខ្លី និងអាវយឺតពីព្រោះវាមើលទៅពិតជាគួរឲ្យស្រឡាញ់ណាស់។ ម្យ៉ាងវិញទៀតប្រសិនបើទៅញ៉ាំអីជាលក្ខណៈផ្លូវការខ្ញុំចូលចិត្តឲ្យនាងស្លៀកបែបសុភាពសមរម្យមើលទៅបែបទាន់សម័យនិងជាន់ខ្ពស់។ ខ្ញុំចូលចិត្តពណ៌សនិងផ្កាឈូកហើយចូលចិត្តឲ្យនាងពាក់ស្បែកជើងកែងចោត»៕

កញ្ញា ចាន់ កែវបញ្ញាប្ញទ្ធិ អាយុ២២ឆ្នាំ ជានិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច
«សម្លៀកបំពាក់របស់បុរសមិនសូវស្មុគស្មាញដូចនារីនោះទេតែវាអាចប្រឈមទៅនឹងបញ្ហាបើពួកគេមិនចេះរៀបចំខ្លួនឲ្យបានល្អ។ ខ្ញុំចូលចិត្តមិត្តប្រុសរបស់ខ្ញុំស្លៀកខោជើងខ្លីជាមួយនឹងអាវយឺតនិងស្បែកជើងកីឡាពីព្រោះពួកយើងចូលចិត្តជួបគ្នានៅកន្លែងហាត់កីឡា។ ម្យ៉ាងវិញទៀតពេលស្លៀកបែបនេះមើលទៅពិតជាសង្ហាណាស់សម្រាប់ខ្ញុំ។ ប៉ុន្តែបើជួបគ្នាលក្ខណៈផ្លូវការខ្ញុំចង់ឲ្យគាត់ស្លៀកដូចពេលធ្វើការដែរដើម្បីបង្ហាញភាពថ្លៃថ្នូរ។ ខ្ញុំដឹងថាចំណង់ចំណូលចិត្តរបស់ខ្ញុំមិនសូវដូចនារីផ្សេងទៀតប៉ុន្មាននោះទេ»៕

លោក ស៊ីម បូរី អាយុ២៥ឆ្នាំ ជានិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច
«ខ្ញុំសង្ឃឹមថានាងគ្រាន់តែស្លៀកពាក់សាមញ្ញ សមរម្យមិនឆើតឆាយនិងគួរឲ្យស្រឡាញ់។ ខ្ញុំមិនចូលចិត្តឲ្យនាងស្លៀកពាក់លេចលើលេចក្រោមនោះទេជាពិសេសសំពត់ខ្លីកប់ក្រលៀន។ នាងពិតជាគួរឲ្យស្រឡាញ់ណាស់នៅពេលដែលនាងពាក់អាវយឺតសឬផ្កាឈូក។ បើស្រឡាញ់នរណាម្នាក់ពិតប្រាកដមិនចាំបាច់ឲ្យនាងស្លៀកពាក់សិចស៊ីនោះទេពីព្រោះវាមិនសមភ្នែកអ្នកដទៃហើយខ្ញុំប្រចណ្ឌប្រុសផ្សេងទៀតផងដែរ។ មនុស្សស្រីគួរតែយល់ថាបើគេស្រឡាញ់ខ្លួនពិតគេមិនចង់ឲ្យនាងស្លៀកពាក់ដូចស្រីលេងសើចឡើយ»៕

កញ្ញា ចាន់ ណារី អាយុ២២ឆ្នាំ ជាសិស្សនៅវិទ្យាស្ថានធនធានមនុស្ស
«ការស្លៀកពាក់ពិតជាសំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗ ពីព្រោះភាពទាក់ទាញអាស្រ័យទៅលើសម្លៀកបំពាក់នេះឯង។ ដូចនេះ ខ្ញុំចូលចិត្តឲ្យមិត្តប្រុសស្លៀកខោក្រណាត់ជើងវែងជាមួយនឹងអាវមានក។ ខ្ញុំអត់ចូលចិត្តឲ្យគាត់ស្លៀកខោខ្លីនោះទេពីព្រោះ មើលទៅ ហាក់ដូចជាមិនសមរម្យ និងរាងឈ្លើយបន្តិច។ ចំពោះពណ៌វិញ ខ្ញុំមិនប្រកាន់ទេ ឲ្យតែសមនឹងសម្បុររបស់គាត់ទៅ វាបានហើយ។ ម្យ៉ាងទៀត ខ្ញុំតែងតែតម្រូវឲ្យគាត់ពាក់ស្បែកជើងឃ្លុប និងខ្សែក្រវាត់ជានិច្ច»៕


