
និស្សិតឆ្នាំទី ១ នៃសាកលវិទ្យាល័យណាហ្គូយ៉ានៅប្រទេសជប៉ុនដែលកំពុងសិក្សាថ្នាក់អនុបណ្ឌិតផ្នែកច្បាប់បានឆ្លៀតពេលដ៏មានតម្លៃមកចែករំលែកបទពិសោធដល់និស្សិតកម្ពុជាដែលមានបំណងចង់ស្វែងយល់អំពីការអប់រំផ្នែកច្បាប់នៅប្រទេសជប៉ុន។
ស្ថិតក្នុងវ័យ២៣ឆ្នាំ លោក លឹម លីហុង បានប្រាប់ពីដំណើរទំនងនៃការសិក្សារបស់លោកថា៖ «ខ្ញុំបានមកដល់ប្រទេសជប៉ុនកាលពីខែតុលាឆ្នាំ២០១២កន្លងទៅហើយខ្ញុំបានក្លាយជាសិស្សផ្នែកស្រាវជ្រាវរយៈពេល៦ខែ។ បន្ទាប់មកខ្ញុំបានប្រឡងជាប់ថ្នាក់អនុបណ្ឌិតដែលបច្ចុប្បន្នខ្ញុំកំពុងតែសិក្សាឆ្នាំទី១នៃថ្នាក់ក្រោយឧត្ដមសិក្សាផ្នែកច្បាប់នៃសាកលវិទ្យាល័យណាហ្គូយ៉ា»។
ចំពោះការសិក្សារបស់លោកនៅកម្ពុជាវិញក្រោយពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រនិងវិទ្យាសាស្ដ្រសេដ្ឋកិច្ចនិងមជ្ឈមណ្ឌលច្បាប់ជប៉ុនលោកបានស្ពាយបង្វេចពីមាតុភូមិកំណើតឆ្ពោះទៅកាន់ប្រទេសជប៉ុន ដើម្បីក្រេបជញ្ជក់យកចំណេះវិជ្ជាផ្នែកច្បាប់រដ្ឋធម្មនុញ្ញថែមទៀត។
លោក បានឲ្យដឹងថាដោយមានបទពិសោធសិក្សាភាសាជប៉ុនរយៈពេល៥ឆ្នាំទើបនិស្សិតផ្នែកច្បាប់រូបនេះមិនសូវជួបបញ្ហាតានតឹងខ្លាំងចំពោះផ្នែកទំនាក់ទំនងជាមួយជនជាតិជប៉ុន។ ប៉ុន្ដែលោកបានប្រាប់ថា៖ «អំឡុងពេលសិក្សាឬក៏សិក្ខាសាលាដែលនិស្សិតទាំងអស់ពិភាក្សាលើប្រធានបទណាមួយពេលខ្លះ ខ្ញុំក៏ពិបាកយល់ខ្លឹមសារដែលពួកគេនិយាយណាស់»។
លោក បានបន្ដថា៖ «ខ្ញុំគិតថា វាមានមូលហេតុ២យ៉ាងដែលធ្វើឲ្យខ្ញុំជួបការពិបាក។ ទីមួយ និស្សិតជប៉ុននិយាយលឿនពេកដែលខ្ញុំស្ដាប់មិនទាន់ហើយទីពីរ នៅពេលពួកគេលើកយកប្រធានបទតាំងពីអតីតកាលមកដែលនិស្សិតបរទេសដូចជារូបខ្ញុំមិនសូវដឹងច្បាស់»។
ចំពោះការសិក្សាផ្នែកច្បាប់នៅប្រទេសជប៉ុនពិតជាមានភាពខុសគ្នាខ្លាំងពីការសិក្សានៅកម្ពុជាដោយលោកលីហុងបានឲ្យដឹងទៀតថា៖«ចំណុចខុសគ្នាសំខាន់បំផុតរវាងការសិក្សានៅជប៉ុននិងកម្ពុជាស្ថិតត្រង់សម្ភារស្រាវជ្រាវ។ នៅជប៉ុនបណ្ណាល័យនិងកុំព្យូទ័រសុទ្ធតែល្អដែលនៅកម្ពុជាយើងមិនទាន់មាន»។
លោក បានលើកឧទាហរណ៍ជាក់ស្ដែងថា៖ «នៅក្នុងអគារបណ្ណាល័យរបស់សាកលវិទ្យាល័យណាហ្គូយ៉ាមានសៀវភៅជិត៣លានក្បាលទិនានុប្បវត្តិជាង៥ពាន់មាតិកានិងទិនានុប្បវត្តិអេឡិចត្រូនិកដល់ទៅជាង៨ពាន់មាតិកាដែលអាចចូលរកបានតាមប្រព័ន្ធអ៊ីនធឺណិតរបស់សាកលវិទ្យាល័យ។ ដូច្នេះនិស្សិតមានភាពងាយស្រួលក្នុងការស្វែងរកឯកសារសម្រាប់ប្រធានបទស្រាវជ្រាវរបស់ពួកគេ»។
បើយោងទៅតាមការរៀបរាប់របស់យុវជនលីហុងបានបង្ហាញឲ្យដឹងថាប្រទេសជប៉ុនមានច្បាប់ប្រហែលជា១៨០០ច្បាប់ប៉ុន្ដែច្បាប់ទាំងនោះនៅមិនទាន់អនុវត្តអស់នោះទេហើយជប៉ុនកំពុងតែព្យាយាមដើម្បីឲ្យច្បាប់ទាំងអស់ត្រូវបានប្រើប្រាស់ដោយមានប្រសិទ្ធភាព។
លោក បានបន្ដថា៖ «ខ្ញុំគិតថាជនជាតិជប៉ុនជឿជាក់ និងគោរពច្បាប់ប្រទេសហើយពួកគេពិតជាគោរពច្បាប់ចរាចរណ៍ខ្លាំងណាស់។ ខ្ញុំបានដឹងថាអ្នកដែលចេញក្រៅផឹកស្រាមិនហ៊ានបើកបរនោះទេ។ ពួកគេជិះរថយន្ដតាក់ស៊ីឬរថយន្តសាធារណៈដូចជារថយន្តក្រុងនិងរថភ្លើងក្រោមដីជាដើម»។
លោក បានអះអាងថា៖ «ប្រសិនបើអ្នកណាម្នាក់បង្កគ្រោះថ្នាក់ដោយសារស្រវឹងពួកគេអាចប្រឈមនឹងការពិន័យនិងផ្ដល់សំណង។ លើសពីនេះទៅទៀតពួកគេនឹងត្រូវបណ្ដេញចេញពីការងារហើយតាមគេនិយាយនៅប្រទេសជប៉ុនពិបាករកការងារធ្វើណាស់ប្រសិនបើគេដឹងថាអ្នកធ្លាប់បង្កគ្រោះថ្នាក់ចរាចរណ៍ដោយសារតែបញ្ហាស្រវឹង»។
យុវជនលីហុងបានបង្ហាញប្រាប់ពីទស្សនៈផ្ទាល់ខ្លួនចំពោះច្បាប់របស់ប្រទេសជប៉ុនទៀតថា៖ «ក្នុងនាមជាប្រទេសអភិវឌ្ឍន៍ ជប៉ុនបានអនុម័ត និងអនុវត្តច្បាប់របស់ខ្លួនស្ទើរតែគ្រប់ផ្នែកសំខាន់ៗ ដើម្បីដោះស្រាយបញ្ហាក្នុងប្រទេស។ ដូច្នេះខ្ញុំគិតថាវាពិតជាមានតម្លៃណាស់សម្រាប់ការស្រាវជ្រាវអំពីច្បាប់ក្នុងប្រទេសជប៉ុន។ ប៉ុន្តែវាមិនគ្រប់គ្រាន់ឡើយពួកយើងគួរតែក្រឡេកទៅមើលច្បាប់របស់ប្រទេសដទៃទៀតដូចជា ប្រទេសលោកខាងលិចជាដើមដើម្បីពង្រីកចំណេះដឹងបន្ថែម»។
ជាចុងក្រោយយុវជនខ្មែររូបនេះមានពាក្យពេចន៍មួយចំនួនផ្ដែផ្ដាំទៅដល់និស្សិតកម្ពុជាដែលកំពុងរៀនផ្នែកច្បាប់ថា៖ «ពួកយើងគួរតែស្គាល់ច្បាស់ពីច្បាប់របស់ប្រទេសយើងអំពីរបៀបដែលកម្ពុជាអនុវត្តច្បាប់និងបញ្ហាដែលកម្ពុជាបានជួបប្រទះ។ពួកយើងគួរតែរៀនច្បាប់ក្នុងទ្រង់ទ្រាយជាការប្រៀបធៀបដោយក្រឡេកមើលលើប្រព័ន្ធច្បាប់របស់ប្រទេសដទៃ និងរបៀបដែលពួកគេអនុវត្តផ្នែកនេះ»។
លោក បានបន្ថែមថា៖ «អនុវត្ដតាមវិធីនេះពួកយើងអាចនឹងពង្រីកចំណេះដឹងរបស់យើងផ្ទាល់ហើយក្នុងពេលជាមួយគ្នានេះយើងអាចរកវិធីសាស្ដ្រដោះស្រាយបញ្ហានៅក្នុងប្រទេសផងដែរ»៕


