អ្នកសាកស្រមៃទៅមើល ប្រសិនបើអ្នកកំពុងតែឈរលើចម្រឹងដែកដើម្បីធ្វើការនៅលើកន្លែង មួយដែលមានកម្ពស់ដល់ទៅ១២០ម៉ែត្រពីដី តើអ្នកមានអារម្មណ៍បែបណា? តើអ្នកអាចធ្វើការបន្តទៀតបានទេ? ទោះជាអ្នកឆ្លើយថាមិនបាន ប៉ុន្តែមានបុរសម្នាក់នេះអាចធ្វើបាន។
លោក ភឹម មិនា វ័យ២៧ឆ្នាំ បានរៀបរាប់ទាំងទឹកមុខស្មើថា៖ «ជាធម្មតាទេ ប្រសិនបើអ្នកមិនហ៊ាន តែបើអ្នកហ៊ាន អ្នកប្រាកដជាសប្បាយភ្នែកជាមួយទេសភាពដ៏ស្រស់ត្រកាលទៅវិញ»។
យុវជនស្រុកកៀនស្វាយ ខេត្តកណ្តាលរូបនេះបានចាប់ផ្តើមអាជីពជាអ្នកឡើងបង្គោលអង់តែន តាំងពីអាយុ២១ឆ្នាំមកម្ល៉េះ ដោយបានរៀបរាប់ថា ដំបូងលោកគ្រាន់តែជាមនុស្សធម្មតា រៀនបានត្រឹមតែថ្នាក់ទី៦ និងមិនមានជំនាញច្បាស់លាស់ទេ។ ដូច្នេះលោកក៏បានចូលរួមជាមួយក្រុមម៉ៅការសង់អង់តែនមួយ ដោយមានមុខងារជាអ្នកឡើងអង់តែន។ ត្រង់ចំណុចនេះ លោកបានបន្តដោយមិនសូវសប្បាយចិត្តថា៖ «ឡើងដំបូងភ័យណាស់ ព្រោះវាខ្ពស់ ជាពិសេសនៅតាមតំបន់ភ្នំ និងអង់តែនដែលទើបតែសង់ហើយថ្មីៗ អត់ទាន់មានជណ្តើរកណ្តាលទេ គឺឡើងតាមកៀនៗនៃឆ្អឹងជើងអង់តែន អ៊ីចឹងហើយវាប្រថុយនឹងគ្រោះថ្នាក់ណាស់»។
ការងារជាប្រចាំសម្រាប់លោកនាពេលនោះ គឺការឡើងទៅដំឡើងបង្គោលអង់តែនសម្រាប់ប្រព័ន្ធទូរស័ព្ទនានា និងសម្អាតសត្វបក្សីផ្សេងៗដែលងាប់ហើយទើរលើអង់តែននោះ ដោយលោកមានតែខ្សែក្រវាត់ជាប់ចង្កេះមួយតែប៉ុណ្ណោះ។ លោក មិនា បានបញ្ជាក់ពីស្ថានភាពពេលឡើងអង់តែនថា៖ «មានខ្សែក្រវាត់តែមួយគឺគ្រប់គ្រាន់ហើយ អត់ភ័យព្រួយទេ ព្រោះបច្ចេកវិទ្យាទំនើប គេបង្កប់ម៉ាសការពាររន្ទះ ហើយឆ្អឹងអង់តែនក៏មាំទៀត ប៉ុន្តែបើខ្យល់ខ្លាំងពេកក៏បុកពោះម្តងៗដែរ»។
ទោះជាមិនបារម្ភអំពីរន្ទះ ឬក៏បាក់បង្គោលអង់តែនក៏ដោយ ក៏ការងាររបស់លោកមិនងាយស្រួលដែរ ជាពិសេសគឺនៅរដូវភ្លៀង។
លោក មិនា បានរៀបរាប់ពីផលវិបាកថា៖ «ដែកសើមអាចរអិល ទោះបីមានខ្សែក្រវាត់ក៏ដោយ បើវាមិនធ្លាក់ដល់ដី ប៉ុន្តែខ្ញុំខ្លាចធ្លាក់បោកទៅនឹងបង្គោលអង់តែន។ មួយវិញទៀត គឺការយកដែកទៅប្រកប (ចាប់ផ្គុំជារូបរាង) ប្រសិនបើដែកដែលយើងយកទៅលើនោះធ្លាក់ ឬដាច់ខ្សែដែលសណ្តោងឡើង វាអាចទាញយើងឲ្យធ្លាក់បាន»។
មានហេតុការណ៍ជាច្រើនដែលធ្វើឲ្យយុវជនម្នាក់នេះមិនអាចបំភ្លេច បាន និងក្តុកក្តួលក្នុងអារម្មណ៍ នៅពេលរំឭកដល់រឿងនេះ លោកបានឃើញផ្ទាល់នឹងភ្នែកពីការបាត់បង់ជីវិតរបស់មិត្តរួម ការងារ។ លោកបានបន្ដទាំងទឹកភ្នែករលីងរលោងថា៖ «អ្នករួមការងារពីរនាក់បានធ្លាក់ស្លាប់ភ្លាមៗ ដោយសារតែពួកគេខ្វះការប្រុងប្រយ័ត្ន ហើយម្នាក់ទៀតពិការរហូតមកដល់សព្វថ្ងៃ។ សូម្បីតែជីដូនមួយខ្ញុំ ក៏ធ្លាក់ស្លាប់ដែរ នៅពេលបាក់ជើងប៉ូល (ជើងដងសន្ទូចដែលទាញឡើង) ហើយបោកស្លាប់លើបង្គោលអង់តែននោះតែម្តង»។
លោកបានឲ្យដឹងទៀតថា ទោះបីជាហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះបានកើតឡើងក្តី ក៏គ្មានការទទួលខុសត្រូវពីសំណាក់ខាងក្រុមហ៊ុនម៉ៅការទេ។
លោកបានបញ្ជាក់ថា៖ «ធ្វើការឲ្យខាងម៉ៅការ គេអត់ធានាឲ្យយើងទេ ប៉ុន្តែបើធ្វើខាងក្រុមហ៊ុនត្រឹមត្រូវ គឺគេគិតគូរពីសុវត្ថិភាពរបស់យើង»។
រយៈពេល៦ឆ្នាំនៃអាជីពនេះ មិនថាចុងកាត់មាត់ញក ឬតាមជ្រលងដងអូរ ព្រៃព្រឹក្សាណានោះទេ ក៏លោកធ្លាប់បានទៅដល់ និងអង្គុយកណ្តាលអាកាសវេហា ដោយផ្អែកលើចម្រឹងដែក ដោយគ្មានភ័យខ្លាច និងឆ្លៀតពេលគយគន់សម្រស់ធម្មជាតិ ហើយរំពៃគិតពីអនាគតរបស់លោករហូត។
លោក មិនា ប្តេជ្ញាថា៖ «ខ្ញុំសម្រេចចិត្តថាឈប់ធ្វើឲ្យខាងម៉ៅការទៀតហើយ ទោះឥឡូវខ្ញុំនៅតែឡើងអង់តែនមែន ប៉ុន្តែខ្ញុំកំពុងតែបម្រើឲ្យស្ថាប័នមួយដែលត្រឹមត្រូវ និងមានការធានារាប់រងច្បាស់លាស់ពីកន្លែងការងារ»។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ លោកកំពុងតែបម្រើការផ្នែកឡើងអង់តែនដដែល ប៉ុន្តែផ្តាច់មុខឲ្យតែស្ថានីយទូរទស្សន៍ហង្សមាស HDTV ប៉ុណ្ណោះ។
ចុងក្រោយ លោកបានប្រាប់ពីគោលបំណងទៅថ្ងៃអនាគតថា លោកចង់ផ្លាស់ប្តូរការងារដ៏គ្រោះថ្នាក់នេះ ប្រសិនបើអាចស្វែងរកនូវមុខជំនាញថ្មីណាមួយសម្រាប់ខ្លួនបាន៕

