អាហារូបករណ៍ជាពាក្យមួយដែលសិស្សនិស្សិតគ្រប់រូបតែងតែនឹកស្រមៃ ចង់បានដើម្បីបន្តនូវការសិក្សារបស់ខ្លួននៅក្រៅប្រទេស។
វាមិនមែនងាយស្រួលនោះទេ ប្រសិនបើអ្នកគ្រាន់តែអង្គុយរង់ចាំឱកាសមកដល់ ប៉ុន្តែអ្នកត្រូវតែឈ្មុសឈ្មុល និងស្វែងរកវា មិនថាអាហារូបករណ៍នៅក្នុង ឬក្រៅប្រទេសឡើយ។
កញ្ញា ជា លីដា អាយុ២៥ឆ្នាំ ដែលកំពុងតែបម្រើការងារក្នុងវិទ្យាស្ថានសារគមនាគមន៍កម្ពុជា ហើយនឹងត្រូវទៅសិក្សាថ្នាក់អនុបណ្ឌិតរបស់ខ្លួននៅឯប្រទេសហូឡង់ នាខែកញ្ញាខាងមុខនេះ បានបង្ហើបឲ្យដឹងអំពីវិធីមួយចំនួនដើម្បីស្វែងរកអាហារូបករណ៍ទៅ សិក្សានៅក្រៅប្រទេសតាមរយៈប្រព័ន្ធអ៊ីនធឺណិត។ តាមរយៈបទពិសោធផ្ទាល់ខ្លួន កញ្ញា លីដា បានចំណាយពេលដល់ទៅជិត១ឆ្នាំសម្រាប់ការបំពេញសំណុំបែបបទ ក៏ដូចជារង់ចាំទទួលបានលទ្ធផល។
កញ្ញាលីដា បានបញ្ជាក់ថា៖ «វាមិនពិបាក ហើយក៏មិនស្មុគស្មាញដែរ ប៉ុន្តែអ្នកត្រូវតែព្យាយាមតាមដាននូវព័ត៌មានទាំងនោះឲ្យបានជាប់ លាប់ មិនថាក្នុងអ៊ីមែល និងគេហទំព័រដែលអ្នកបានស្នើសុំនូវអាហារូបករណ៍នោះទេ»។
ដំបូងកញ្ញាបានស្វែងរកនូវអាហារូបករណ៍ក្នុងសហគមន៍អឺរ៉ុបតាមរយៈ Netherlands Fellowship Programs (NFP) ក្នុងគេហទំព័រ www.nuffic.nl បន្ទាប់ត្រូវស្វែងរកនូវជំនាញដែលយើងចង់បន្តការសិក្សា រួចត្រូវស្វែងយល់អំពីសាលាដែលផ្តល់នូវអាហារូបករណ៍នោះ។ បន្ទាប់ពីនោះ ត្រូវបំពេញបែបបទដែលបានស្នើពីសាលានៅឯបរទេស និងបែបបទដែលម្ចាស់អាហារូបករណ៍បានស្នើសុំ រួមទាំងការបញ្ជាក់សមត្ថភាពនានាពីស្ថាប័នដែលអ្នកកំពុងបម្រើ ការងារ។ ៤ខែក្រោយមក កញ្ញា ត្រូវបានជ្រើសរើសជាបេក្ខជនសម្រាប់ការសិក្សាថ្នាក់អនុបណ្ឌិត ផ្នែកអភិវឌ្ឍន៍ការសិក្សាជាមួយឯកទេសផ្នែកគោលការណ៍ និងអភិវឌ្ឍន៍សង្គម។ នេះជាលើកទីមួយហើយសម្រាប់ប្រទេសកម្ពុជា ដែលមានកញ្ញា លីដាជាតំណាងក្នុងអាហារូបករណ៍ដែលផ្តល់ដោយ NFP ដែលសិក្សាលើផ្នែកនេះ។
កញ្ញាលីដា បានក្រើនរំឭកថា៖ «សូមកុំលះបង់ចោលការព្យាយាមរបស់ខ្លួនឲ្យសោះ ហើយត្រូវតែតស៊ូ និងផ្តល់ជម្រើសដល់ខ្លួនឯងឲ្យបានច្រើន»៕

