
ពិតជាខុសប្លែកពីអ្នកដទៃប្រាកដមែនបុរសសក់រួញវែងប៉ុនដុំបាល់រូបនេះ ចង់បង្ហាញអំពីអត្ដសញ្ញាណរបស់ខ្លួនផ្ទាល់។
លោក យាន រស្មី វ័យ ២២ ឆ្នាំ ជាអ្នករៀបចំការតាំងពិព័រណ៍និងរូបគំនូរនៅ JavaArts បានចាប់ផ្ដើមរក្សាសក់របស់ខ្លួនឲ្យរួញអង្គាដីក្រោយពីលោកបានកោរម្ដងមក។
លោក បានប្រាប់ពីស្ទីលលេងសក់រួញនេះថា៖ «កាលពីឆ្នាំ២០០៥ ខ្ញុំអត់ដែលបានឃើញអ្នកណាមានសក់ដូចខ្ញុំទេ ខ្ញុំប្រហែលជាមនុស្សឆ្កួតមុនគេហើយមើលទៅ»។
លោកបានបន្ដថា ថ្វីដ្បិតតែស្ទីលនេះខុសប្លែកពីអ្នកដទៃមែន ប៉ុន្ដែលោកចូលចិត្ដទុកវាបែបនេះហើយលោកបានសម្រេចចិត្ដទុកសក់រួញវែងប៉ុនដុំបាល់នេះ ដោយសារតែវាបាន បង្ហាញនូវអារម្មណ៍ពិតរបស់លោក និងខុសប្លែកពីអ្នកដទៃទៀត។
លោក បានសង្កត់ធ្ងន់ថា៖ «វាជាសញ្ញារបស់ខ្ញុំ និងបញ្ជាក់ពីអត្ដសញ្ញាណរបស់ខ្ញុំ ហើយស្ទីលមួយនេះក៏ប្រាប់អារម្មណ៍ដែលខ្ញុំធ្វើអ្វីឲ្យខុសពីគេផងដែរ»។
បើទោះបីជាមនុស្សមួយចំនួនយល់ថា លេងស្ទីលបែបនេះមិនល្អក៏ដោយ ក៏មានអ្នកខ្លះទៀតគិតថា វាប្លែកល្អដែរ ហើយពួកគេគោរពនូវការជ្រើសរើសរបស់លោក។ លោកបានបញ្ជាក់ថា៖ «ភាគច្រើនមិត្តរបស់ខ្ញុំគោរពសិទ្ធិសម្រេចរបស់ខ្ញុំ ខ្លះទៀតថាសក់នឹងម្យ៉ាងដែរ ពីព្រោះវាគឺជាអត្តសញ្ញាណរបស់ខ្ញុំ»។
ជាការពិតណាស់ មានសក់វែងតែងតែលំបាកនៅពេលកក់ និងសិត ប៉ុន្តែយុវជន រស្មី ហាក់ដូចជាមិនខ្វល់ចំពោះបញ្ហាទាំងនេះទេ ដោយលោកបានប្រាប់ថា៖ «ខ្ញុំចំណាយប្រហែល១ម៉ោងសម្រាប់កក់ អប់ និងលាបប្រេងពីរដងក្នុងមួយសប្តាហ៍។ ខ្ញុំកក់រួចត្រូវឲ្យគេសិតដើម្បីកុំឲ្យឈឺពេក»។
នៅពេលដែលលោកបានឮពាក្យពេចន៍មិនល្អពីក្រោយខ្នង និងពាក្យរិះគន់ លោកមិនអាក់អន់ចិត្តអ្វីទេ បែរជាយកពាក្យរិះគន់ទាំងនោះមកជាកម្លាំងចិត្តដើម្បីរក្សាស្ទីលមួយនេះថែមទៀត។
លោកបាននិយាយថា៖ «មិត្តភក្តិរបស់ខ្ញុំថាឲ្យខ្ញុំ ដោយហៅខ្ញុំថា ក្រញាញ់ ហើយគ្រូខ្លះកាលពីនៅវិទ្យាល័យក៏មិនចូលចិត្តដែរ។ ទោះជាយ៉ាងណា ខ្ញុំនៅតែទុកសក់បែបនេះដើម្បីបញ្ជាក់ថាវាមិនទាស់ខុសអីទេ»។
គួរឲ្យកត់សម្គាល់ថា លោកបានកាត់សក់តែ៤ដងប៉ុណ្ណោះចាប់ពីឆ្នាំ២០០៥ ហើយអាចផ្លាស់ប្តូរស្ទីលបន្តិចនៅថ្ងៃខាងមុខ។
យុវជនលេងម៉ូដដ៏កម្រនេះពន្យល់ថា៖ «ខ្ញុំចង់ប្រើប្រាស់ឲ្យអស់ពីលទ្ធភាពនូវអ្វីដែលខ្ញុំមាន ប៉ុន្តែប្រហែលមួយឆ្នាំទៀតខ្ញុំនឹងអាចទុកឲ្យវារួញដដែលគ្រាន់តែឲ្យខ្លីជាងមុន»។
នៅពេលដែលសួរថាក្បាលមានចៃអត់ លោក សើចញឹមៗ ហើយឆ្លើយថា៖ «បើយើងចិញ្ចឹមបាន ក៏ចិញ្ចឹមទៅ»៕


