
ពីធីបុណ្យ គ្រិស្តស្មាស់ ឬបុណ្យ ណូអែល បានរីកសាយភាយទៅកាន់ប្រទេសជាច្រើនជុំវិញពិភពលោក ហើយពិធីបុណ្យនេះក៏ត្រូវបានគេប្រារឰក្នុងប្រទេស កម្ពុជា ផងដែរ។ ជាក់ស្តែងជារៀងរាល់ដើមខែ ធ្នូ គេចាប់ផ្តើមប្រទះឃើញមានការតុបតែងលម្អដើម គ្រិស្តស្មាស់ ស្ទើរគ្រប់កន្លែងដូចជា សណ្ឋាគារធំៗ ហាងកាហ្វេ ហាងលក់សៀវភៅ ផ្សារទំនើប និងហាងលក់ទំនិញផ្សេងៗជាដើម។
ប្រជាពលរដ្ឋខ្មែរ ដែលជា គ្រិស្តបរិស័ទភាគច្រើនបានប្រារឰពិធីបុណ្យ គ្រិស្តស្មាស់ ជាមួយ ក្រុមគ្រួសារ ឬនៅ ព្រះវិហារសាសនា គ្រិស្ត នានា។ ទោះបីជាយ៉ាងណាក៏ដោយ ការប្រារឰពិធីបុណ្យ គ្រិស្តស្មាស់ នេះមានលក្ខណៈខុសប្លែកគ្នាបន្តិចបន្តួចពីប្រទេសមួយទៅប្រទេសមួយដោយអាស្រ័យលើគ្រួសារ ប្រពៃណីនៅតាមតំបន់ ឬប្រទេសដែលគេរស់នៅ។
លោក អ៊ុង វិច្ឆកា វ័យ ២០ឆ្នាំ ជាគ្រិស្តបរិស័ទមួយរូបដែលបច្ចុប្បន្នកំពុងបម្រើការងារនៅសាលាឯកជនអន្តរជាតិ ALIS ធ្លាប់បានរៀបចំពិធីជប់លៀងបុណ្យ គ្រិស្តស្មាស់ នៅផ្ទះរបស់លោកជាមួយក្រុមគ្រួសារ និងអ្នកជិតខាងដែលមានបាយ ភេសជ្ជៈ និងនំបុ័ង។
លោក វិច្ឆកា មានសមាជិកគ្រួសារដប់នាក់ ហើយពួកគេសុទ្ធតែជាគ្រិស្តបរិស័ទ។
លោកបាននិយាយថា៖ «ពួកខ្ញុំបានអញ្ជើញអ្នកជិតខាងប្រហែលជា ៣០ នាក់។ ខ្ញុំដាក់លម្អដើម គ្រិស្តស្មាស់ តែវាមិនមានអត្ថន័យអីទេចំពោះយើង»។
លោកបន្ថែមថា៖ «ពិធីបុណ្យ គ្រិស្តស្មាស់ ជាការប្រារឰដើម្បីរំឭកដល់ថ្ងៃកំណើតព្រះយេស៊ូគ្រិស្ត។ ក្រៅពីនេះ ខ្ញុំក៏មានឲ្យជាកាដូទៅក្មេងៗដែរ ដូចជាសៀវភៅ ខោអាវ តុក្កតា និងសូកូឡាជាដើម»។
ដូចគ្នានេះដែរ លោក សំ ឈំចាន់តារា ជាគ្រិស្តបរិស័ទមួយរូបទៀតដែលជាគ្រូបង្រៀននៅសាលា សុវណ្ណភូមិ ក៏បានប្រារព្ធពិធីបុណ្យ គ្រិស្តស្មាស់ ជាមួយម្តាយបងប្អូន និងមិត្តភក្ដិរបស់លោកដែរ។ ជាទម្លាប់ លោកបានទៅព្រះវិហារដើម្បីប្រារព្ធពិធីបុណ្យនេះ។
លោកបានរៀបរាប់ថា៖ «ជាទូទៅ យើងចាប់ផ្តើមដោយការបន់ស្រន់ និងមានការសម្តែងដោយក្មេងៗនូវចម្រៀង គ្រិស្តស្មាស ឯក្រុមយុវជនមានការសម្តែងអំពីប្រវត្តិព្រះយេស៊ូ ព្រមទាំងមានការអានព្រះគម្ពីនៅក្នុងកម្មវិធីជួបជុំនោះទៀតផង»។
លោកបានបញ្ជាក់ថា ពុំមានការប្តូរកាដូគ្នាឡើយនៅក្នុងព្រះវិហារ ប៉ុន្តែនឹងមានការផ្តល់អំណោយជូនដល់អ្នកធ្វើការក្នុងព្រះវិហារ ព្រមទាំងមានការញ៉ាំអាហារជុំគ្នាផងដែរ។
លោកបាននិយាយថា៖ «ម្ហូបទាំងនោះមានការី ហេមប៊ឺហ្គឺ និងនំបុ័ងបន្ទាប់ពីចប់ការសម្តែង»។
ចំណែកឯ លោក Dennis Drenner ជាជាងថតរូបដែលរស់នៅក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក បានឲ្យដឹងថា៖ «ធម្មតា ខ្ញុំទៅផ្ទះរបស់ម៉ាក់ប៉ាសម្រាប់បុណ្យ គ្រិស្តស្មាស់។ ឆ្នាំនេះមានតែភរិយារបស់ខ្ញុំ និងខ្ញុំប៉ុណ្ណោះដែលនឹងប្រារឰពិធីនេះ។ ម៉ាក់ប៉ាខ្ញុំនឹងមកចូលរួមជាមួយយើងនៅប៉ុន្មានសប្តាហ៍ក្រោយ»។
លោកបន្ថែមថា៖ «ខ្ញុំអាចនិយាយបានថា ក្រុមគ្រួសារជួបជុំគ្នាញ៉ាំអាហារជាច្រើនមុខ ប្តូរអំណោយដែលដាក់នៅក្រោមដើម គ្រិស្តស្មាស់ ហើយក្នុងនោះក្មេងៗសប្បាយចិត្តជាងគេ។ ឆ្នាំខ្លះ យើងទៅផ្ទះញាតិមិត្ត ដូចជា ផ្ទះតាយាយជាដើម។ សរុបទៅ គឺមានអំណោយ និងម្ហូបជាច្រើន»។
ការប្រារឰពិធីបុណ្យមួយនេះមិនសូវខុសគ្នាប៉ុន្មានទេនៅប្រទេស បារាំង។ លោក Francois Henric វ័យ ៥៥ឆ្នាំ ជាជនជាតិ បារាំង រស់នៅទីក្រុង Toulouse បានឲ្យដឹងថា៖ «នៅ បារាំង គេប្រារឰបុណ្យ គ្រិស្តស្មាស់ ជាមួយក្រុមគ្រួសារ។ ពួកគេញ៉ាំបាយជាមួយគ្នានៅល្ងាចថ្ងៃ ទី២៤ ឬថ្ងៃត្រង់ថ្ងៃ ទី២៥។ យើងមានការប្តូរអំណោយជាពិសេសឲ្យអំណោយដល់ក្មេងៗ»។
លោកបន្តទៀតថា៖ «តាមធម្មតា មានការលម្អផ្ទះដូចជាដើម គ្រិស្តស្មាស់។ អ្នកខ្លះ មានដាក់រូបតំណាងកំណើតព្រះយេស៊ូនៅជិតដើម គ្រិស្តស្មាស់ ផងដែរ»។
លោក Francois Henric ចាត់ទុកថ្ងៃបុណ្យ គ្រិស្តស្មាស់ ថា ជាថ្ងៃពិសេសសម្រាប់ជួបជុំមិត្តភក្ដិ និងគ្រួសារ និងជាពេលវេលាដ៏សប្បាយរីករាយ។ ដោយសារតែលោកគ្មានក្រុមគ្រួសារហេតុនេះជាទូទៅគាត់ធ្វើបុណ្យ គ្រិស្តស្មាស់ ជាមួយមិត្តភក្ដិ ហើយការលម្អផ្ទះមិនចាំបាច់ឡើយចំពោះរូបលោក។
លោកបានបន្ដថា៖ «មិត្តភក្ដិ និងខ្ញុំប្រហែលជាជុំគ្នានៅថ្ងៃ ទី២៤ ខាងមុខនេះ»។
ចំណែកឯលោក Alfonso Rodriguez មកពី Dallas (Texas) វិញបានលើកឡើងថា សមាជិកគ្រួសាររបស់លោកទាំងអស់ចូលចិត្តជួបជុំគ្នានៅផ្ទះយាយតារបស់លោក មុនមួយថ្ងៃបុណ្យ គ្រីស្តស្មាស់ មកដល់។
លោកបានប្រាប់ថា៖ «យើងញ៉ាំបាយជុំគ្នា មានពេលរីករាយជាមួយគ្នា។ បន្ទាប់ពីអាហារពេលល្ងាចពួកយើងនាំគ្នាទៅ ព្រះវិហារ។ តាមធម្មតា គេនាំគ្នាទៅវិហារមួយថ្ងៃមុន ឬចំថ្ងៃបុណ្យតែម្តង។ ត្រឡប់ពីព្រះវិហារ យើងនៅចាំរហូតដល់កណ្តាលយប់ស្រដៀងគ្នាទៅនឹងថ្ងៃឆ្លងឆ្នាំដែរ។ យើងប្រារឰថ្ងៃកំណើតព្រះយេស៊ូ គ្រិស្ត និងបើកកាដូ»។
ចំពោះលោក Alfonso Rodriguez អាហារពិសេសនៅថ្ងៃបុណ្យ គ្រិស្តស្មាស់ គឺ Tamales ដែលជាប្រភេទអាហារប្រទេស ម៉ិកស៊ិក ម្យ៉ាងដែលមានខ្ចប់ជាមួយនឹងគ្រាប់ ពោត និងសាច់។
សម្រាប់កញ្ញា Kyong Jung ជាជនជាតិ កូរ៉េ បាននិយាយថា កញ្ញានឹងប្រារឰពិធីបុណ្យ ណូអែល នៅក្នុងព្រះវិហារ និងចំណាយពេលវេលាសម្រាកជាមួយក្រុមគ្រួសាររបស់កញ្ញា ដោយមិនចាំបាច់ទិញដើម គ្រិស្តស្មាស់ នោះទេ។
កញ្ញាបានពោលថា៖ «ជាទូទៅ គ្រួសារមានកូនតូចៗប៉ុណ្ណោះដែលទិញដើម គ្រិស្តស្មាស ឬសម្រាប់អ្នកផ្សេងទៀតដែលចូលចិត្តការតុបតែង។ ចំពោះគូស្នេហ៍វ័យជាង ២០ឆ្នាំ គឺពួកគេចូលចិត្តបុណ្យនេះ និងការប្តូរកាដូជាងគេបង្អស់»។
គួរបញ្ជាក់ថា ប្រជាជនកម្ពុជាភាគច្រើនជាពុទ្ធបរិស័ទ តែពួកគេមួយចំនួនក៏បានប្រារឰបុណ្យ គ្រិស្ដស្មាស់ នេះដែរដូចជា ការដើរលេង ទិញទំនិញ និងញ៉ាំអាហារជាដើម។ ការប្រារឰនេះគឺសម្រាប់តែភាពសប្បាយរីករាយ (មិនមែនជាលក្ខណៈសាសនាទេ) តែជាការផ្សារភ្ជាប់នឹងពិធីបុណ្យចូលឆ្នាំប៉ុណ្ណោះ។
ត្រឹមពាក់កណ្ដាលខែ ធ្នូ យុវវ័យកម្ពុជាផ្តើមជូនអំណោយឲ្យមិត្តភក្ដិ និងមនុស្សជាទីស្រឡាញ់របស់ពួកគេ ហើយពេលខ្លះមានជាការចាប់ឆ្នោតប្តូរអំណោយគ្នាទៅវិញទៅមក។ គេក៏ឃើញមានការចែកកាតជូនពរដល់គ្នារវាងយុវវ័យទៀតផង។ ថ្ងៃ ទី២៣ ២៤ និង ២៥ ជាថ្ងៃដែលពួកគេរៀបចំពិធីជប់លៀង។ ជាងនេះទៅទៀត នៅតាមសាលាឯកជន និងវិទ្យាស្ថាននានា ព្រមទាំងផ្សារទំនើបនានាបានដាក់តាំងដើម គ្រិស្តស្មាស់ និងអមដោយកាដូមួយចំនួននៅជុំវិញដើមទាំងនោះផងដែរ៕


