ភ្នំពេញ: ដោយមើលឃើញគម្លាតឆ្ងាយពីគ្នាក្នុងឱកាសទទួលបានការអប់រំនិងធ្វើការក្នុងវិស័យបច្ចេកវិទ្យារវាងយុវតីនិងយុវជន សិស្សានុសិស្សរៀនថ្នាក់វិទ្យាល័យ ១ ក្រុម បានចងក្រងជាកម្មវិធីមួយ ដើម្បីជួយកុមារី និងយុវតីឱ្យមានសមភាពយេនឌ័រក្នុងវិស័យបច្ចេកវិទ្យាដ៏ចាំបាច់នេះ។
ស្ដ្រីក្នុងបច្ចេកវិទ្យា ត្រូវបានបង្កើតឡើងដោយស្ថាបនិកសិស្សថ្នាក់វិទ្យាល័យចំនួន៣នាក់ដែលមកពីសាលាផ្សេងៗគ្នា ក្រោមគម្រោងកម្មវិធីជំនាន់ថ្មី (Generation Future 2022) របស់អង្គការយូនីសេហ្វ។
យុវតី កៅ ម៉េងហ័ង ជាស្ថាបនិកម្នាក់ដែលកំពុងសិក្សាថ្នាក់ទី១១ នៃវិទ្យា័យ ហ៊ុន សែន ពាមជីកងជំនាន់ថ្មី នៃស្រុកកងមាស ខេត្ដកំពង់ចាម បាននិយាយថា៖ «យើងសង្កេតឃើញថា នៅក្នុងបរិបទប្រទេសកម្ពុជាសព្វថ្ងៃ នៅតាមបណ្តាសាកលវិទ្យាល័យ តាមក្រុមហ៊ុននានា ចំនួនស្ត្រីដែលចូលរួមនៅក្នុងវិស័យបច្ចេកវិទ្យាគឺនៅមានចំនួនតិចណាស់ បើប្រៀបធៀបជាមួយបុរស»។
ក្រៅពីយុវតី ម៉េងហ័ង សហស្ថាបនិក ២ នាក់ទៀត គឺយុវសិស្ស ព្រាប សុម៉ានិត ជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ព្រែកអញ្ចាញ សាលារៀនជំនាន់ថ្មី និងយុវសិស្ស ឈុំ សំណាង ជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យច្បារអំពៅ។
យោងតាម Ladies In Tech បានបង្ហាញថា គម្រោងបច្ចេកវិទ្យាសម្រាប់ស្ដ្រីនេះមានអ្នកស្ម័គ្រចិត្ដចូលរួមជាច្រើន ដូចជា ក្រុមពិធីករ ក្រុមឌីហ្សាញកាហ្វ្រិក អ្នកសរសេរមាតិកា ក្រុមបច្ចេកទេស និងក្រុមទំនាក់ទំនងជាដើម។
រហូតមកដល់សព្វថ្ងៃនេះ គម្រោង Ladies In Tech បានបណ្តុះបណ្តាលលើកុមារីចំនួន ៣០ នាក់ និងអ្នកស្ម័គ្រចិត្តចំនួន ១០ នាក់ មកពីរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផ្សេងៗ។
កញ្ញាបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ពួកយើងបានបង្កើតសិក្ខាសាលាតាមប្រព័ន្ធអនឡាញរយៈពេល ៧ សប្តាហ៍ ដែលយើងបានបណ្តុះបណ្តាលទៅលើប្រធានបទថ្មីៗទាក់ទងនឹងវិស័យបច្ចេកវិទ្យានេះដូចជា ផ្នែកផ្សេងៗនៅក្នុងវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ការតភ្ជាប់បណ្តាញ Networking, Internet of Thing ការបង្កើតវេបសាយ (Web Development) ភាពខុសគ្នារវាង Computer Science និង ICT(CS Vs ICT)»។
យុវតីបានបន្ថែមថា៖ «យើងក៏បានអញ្ជើញវាគ្មិនមកចែករំលែកបទពិសោធន៍ពីសាកលវិទ្យាល័យដែលពួកគាត់កំពុងសិក្សាលើមុខជំនាញបច្ចេកវិទ្យា។ ក្រៅពីសិក្ខាសាលាតាមប្រព័ន្ធអនឡាញ ពួកយើងក៏បានបង្កើតវេទិកាជជែកវែកញែក ដែលយើងបានអញ្ជើញវាគ្មិនមកចែករំលែកពីឱកាសផ្សេងៗក្នុងវិស័យបច្ចេកវិទ្យានេះផងដែរ»។
យុវសិស្ស ម៉ៅ ដាណា អាយុ ១៧ ឆ្នាំ រៀនថ្នាក់ទី១២ ថ្មីនៃសាលារៀនសុវណ្ណភូមិ បានទទួលការបណ្ដុះបណ្ដាលពីការយល់ដឹងនៃប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ស្ដ្រី ការលើកកម្ពស់សមត្ថភាពស្ដ្រីក្នុងកិច្ចការបច្ចេកវិទ្យា និងទទួលបានការពន្យល់ណែនាំអំពីមុខជំនាញមេរៀនសំខាន់នៃការយល់ដឹងអំពីបច្ចេកវិទ្យា។
ដាណា បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «បច្ចុប្បន្ន ខ្ញុំគឺជាសមាជិកម្នាក់ដែលទទួលបានឱកាសក្នុងការចូលរួមនិងទទួលបានការចែករំលែកចំណេះដឹងពី Ladies In Tech ជារៀងរាល់សប្តាហ៍។ អត្ថប្រយោជន៍ដែលខ្ញុំទទួលបាន គឺចំណេះដឹងផ្នែកបច្ចេកវិទ្យា ដោយពីមុនមក ខ្ញុំពុំទាន់បានស្គាល់ពីវិសាលភាពនៃបច្ចេកវិទ្យាឡើយ។ ម្យ៉ាងទៀតខ្ញុំក៏ទទួលបានការលើកទឹកចិត្ត ការណែនាំ និងស្គាល់មនុស្សដែលមានសមត្ថភាពជាច្រើន»។
Ladies In Tech មិនត្រឹមតែបានជួយដោះស្រាយបញ្ហាវិសមភាពយេនឌ័រនៅក្នុងវិស័យបច្ចេកវិទ្យា ជាបញ្ហាចម្បងដែលគ្រប់គ្នាត្រូវចូលរួមដោះស្រាយប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងមានផែនការច្បាស់លាស់ក្នុងការជំរុញឱ្យមានកុមារី និងស្ដ្រីកាន់តែច្រើនក្នុងវិស័យនេះ។ នេះជាហេតុផលដែល Ladies In Tech ត្រូវបានជ្រើសរើសឱ្យចូលជាគម្រោងមួយរបស់កម្មវិធីជំនាន់ថ្មី Generation Future 2022 របស់អង្គការយូនីសេហ្វកម្ពុជា។
កញ្ញា ម៉េងហ័ង បានឱ្យដឹងថា៖«ពួកយើងក៏ទទួលបានការបង្វឹកនិងគាំទ្រពីគ្រូបង្វឹករបស់ពួកយើងគឺលោក Jamie Raine ផងដែរ»។
មុខវិជ្ជាដែលរៀបរាប់ខាងលើ ដូចជា AI, IoTក៏ដូចជា របៀបដែលបច្ចេកវិទ្យាទាំងនោះដំណើរការ (Networking) ការចេះបង្កើតវេបសាយផ្ទាល់ខ្លួន សុទ្ធតែជាឱកាសសម្រាប់ការងារ និងអាជីពមុខរបរនៅក្នុងវិស័យនេះផងដែរ។
យុវតី ហេង សុធានី អាយុ ១៦ ឆ្នាំ ជាសិស្សថ្នាក់ទី១១ នៃសាលាអន្ដរជាតិប៊ែលធី ក៏បានថ្លែងអំពីអត្ថប្រយោជន៍ចំពោះការទទួលយកវគ្គបណ្ដុះបណ្ដាលរបស់ Ladies In Tech នៅក្នុងសម័យបច្ចេកវិទ្យា រួមទាំងការប្រើប្រាស់ឧបករណ៍ទំនើបៗ ដូចជា ទូរស័ព្ទ កុំព្យូទ័រយួរដៃ និងឧបករណ៍អេឡិចត្រូនិកជាច្រើនទៀត។
សុធានី បាននិយាយថា៖ «ខ្ញុំបានសិក្សាអំពីបរិក្ខារទាំងអស់នោះត្រូវបានផលិតឡើងពីណា? ដោយរបៀបម៉េច? មានភាពចាំបាច់កម្រិតណា? និងរបៀបនៃការបង្កើតវេបសាយ»។
យុវតីរូបនេះជឿថា Ladies In Tech ជាអង្គភាពដ៏ល្អមួយដែលបើកឱកាសសម្រាប់សិស្សានុសិស្សក្នុងបំណងអភិវឌ្ឍន៍ជំនាញរបស់ពួកគេលើសពីការសិក្សាបែបប្រពៃណី។
សិស្សថ្នាក់ទី១១ សុធានី បានឱ្យដឹងថា វាក៏ជាឱកាសជួបមិត្ដភក្ដិថ្មីៗ និងបំពេញការងារស្ម័គ្រចិត្ដជាមួយមនុស្សប្លែកៗ ដែលធ្លាប់តែជាឧបសគ្គមួយសម្រាប់អ្នករៀននៅវិទ្យាល័យដូចជារូបកញ្ញា។
សុធានី បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «បច្ចុប្បន្ននេះ ខ្ញុំកំពុងធ្វើការស្ម័គ្រចិត្ដឱ្យគម្រោង Ladies In Tech ហើយខ្ញុំធ្វើការក្នុងក្រុមទំនាក់ទំនង ដែលមានតួនាទីត្រួតពិនិត្យវត្ដមានសមាជិក ដែលបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនីមួយៗ»។
ថ្វីដ្បិតតែការចូលរួមរបស់ស្ដ្រីក្នុងវិស័យបច្ចេកវិទ្យានៅមានកម្រិតដែលពួកគេចង់មានឱកាសកាន់តែធំទូលាយសម្រាប់ការសិក្សា និងអាជីពមួយនេះយ៉ាងណាក៏ដោយ ក៏សិក្ខាសាលាបណ្ដុះបណ្ដាលរបស់ Ladies In Tech បានសាយភាយទៅសិស្សានុសិស្សនៅតាមបណ្ដាខេត្ដហើយដែរ។
យុវសិស្ស លី ហួយលិង អាយុ ១៥ ឆ្នាំ ថ្នាក់ទី១០ នៃសាលាវិទ្យាល័យកំពង់ស្ពឺ ក៏ទទួលបានការបណ្ដុះបណ្ដាល Ladies In Tech លើផ្នែកបច្ចេកវិទ្យា ដោយសិក្សាអំពីអ្វីទៅជា AI ការប្រើប្រាស់ AI នៅក្នុងឧស្សាហកម្មអ្វីខ្លះ ហើយបន្ទាប់មក ការស្វែងយល់ពី Networking ការបង្កើតវេបសាយ រួមទាំងមុខជំនាញខ្លះៗនៅក្នុង STEM នេះដែរ។
យុវតីរូបនេះ បានលើកឡើងថា ខ្លួនបានទទួលបទពិសោធន៍ជាច្រើន និងបានជួបសិស្សច្បងល្អៗ ដូចជា ម៉េងហ័ង វឌ្ឍនា និង ទេពី ដែលសុទ្ធតែជាបុគ្គលគួរឱ្យយកគំរូតាមមែនទែន ជាពិសេស វាគ្មិនដែលមានជំនាញនៅក្នុងវិស័យបច្ចេកវិទ្យា។
ក្មេងស្រីទើបរៀនថ្នាក់ទី១០ នៅខេត្ដកំពង់ស្ពឺរូបនេះ បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ខ្ញុំបានរៀនបង្កើតវេបសាយមួយ តាមរយៈ Web Flow ដែលយើងមិនចាំបាច់សរសេរកូដ។ ពេលខ្លះ ខ្ញុំអត់បានយល់អ្វីទាំងស្រុងចំពោះការបង្រៀនរបស់គាត់ តែខ្ញុំគិតថា យ៉ាងហោចណាស់ ខ្ញុំបានដឹងថា ខ្ញុំត្រូវការប្រើប្រាស់កម្មវិធីអ្វីដើម្បីធ្វើបាន»។
យុវតីបាននិយាយអំឡុងពេលចូលរួមក្នុងសិក្ខាសាលា Ladies In Tech រយៈពេល៦សប្ដាហ៍ក្នុងចំណោម៧សប្ដាហ៍តាមរយៈកម្មវិធីអនឡាញថា៖ «ខ្ញុំនឹងមានភាពងាយស្រួលនិងដើរទាន់សម័យកាល ដោយសារយើងនឹងប្រើវាច្រើន។ ប្រព័ន្ធបច្ចេកវិទ្យានឹងជ្រាបទៅគ្រប់ទីកន្លែង រួមទាំងទីកន្លែងធ្វើការ និងការគ្រប់គ្រងអាជីវកម្ម»។
យ៉ាងណាមិញ ស្ថាបនិក Ladies In Tech យុវតី ម៉េងហ័ង បានលើកឡើងការចូលរួមតិចតួចរបស់កុមារី និងស្ដ្រីក្នុងវិស័យបច្ចេកវិទ្យាថា វាជាផ្នត់គំនិតរបស់បុគ្គលដោយយល់ថា វាស័ក្ដិសមចំពោះបុរស រួមជាមួយបញ្ហាកង្វះការជំរុញលើកទឹកចិត្ដ និងការបណ្ដុះបណ្ដាលឱកាសចូលរួមនៅក្នុងវិស័យនេះ។
ម៉េងហ័ង បាននិយាយថា៖ «ខ្ញុំរំពឹងថា ពេលទទួលបានការបណ្ដុះបណ្ដាល ក៏ដូចជាសិក្ខាសាលាដែលយើងបានរៀបចំឡើង សិក្ខាកាមរបស់យើងដែលជាកុមារីមកពីតាមបណ្តារាជធានី-ខេត្តផ្សេងៗគ្នា នឹងអាចរៀនយកមុខវិជ្ជាបច្ចេកវិទ្យាច្រើន តាមរយៈការចែករំលែកពីប្រធានបទផ្សេងៗ និងការជំរុញលើកទឹកចិត្តពីវាគ្មិនរបស់យើង»។
ស្ថាបនិករូបនេះ ក៏ទទួលស្គាល់ថា ការបង្កើតគម្រោង និងដំណើរការគម្រោង «Ladies In Tech» ជួបបញ្ហាមួយចំនួនដូចជា ការគ្រប់គ្រងនិងដំណើរការផែនការឱ្យរលូនតាមការរៀបចំ និងកំណត់មក ការគ្រប់គ្រងពេលវេលា ដែលពួកគេសុទ្ធតែជាសិស្សកំពុងសិក្សានៅតាមវិទ្យាល័យ។
មួយវិញទៀត គឺការគ្រប់គ្រងសមាជិកទាំងអស់ ៤០ នាក់ រួមទាំងសិក្ខាកាម និងអ្នកស្ម័គ្រចិត្ត ទាមទារការពង្រឹងភាពជាអ្នកដឹកនាំដើម្បីអាចសម្របសម្រួលដំណើរការយ៉ាងសកម្មដោយមានការគាំទ្រនិងជួយជ្រោមជ្រែងពីសំណាក់គ្រូបង្វឹក ក៏ដូចជាគម្រោងជំនាន់ថ្មី Generation Future 2022 ផងដែរ។
យុវតី ម៉េងហ័ង បានបន្ដថា៖ «បច្ចុប្បន្ននេះ នៅមិនទាន់មានសិស្សានុសិស្សយើងចេញបម្រើការងារក្នុងវិស័យបច្ចេកវិទ្យាតាមរយៈ «Ladies In Tech» នោះទេ ព្រោះសិក្ខាកាមរបស់ពួកយើងនៅជាសិស្សវិទ្យាល័យនៅតាមបណ្តារាជធានី-ខេត្តនៅឡើយ»។
ស្ថាបនិក Ladies In Tech បានអរគុណដល់គម្រោងជំនាន់ថ្មី Generation Future 2022 ដែលបានជ្រើសរើសគម្រោងរបស់ក្រុមខ្លួន និងគាំទ្ររហូតមក៕


