ភ្នំពេញ៖ អ្នកប្រយុទ្ធមានរហស្សនាម «រន្ទះជើងដងទន្លេសាប» មឿន សុខហ៊ុច បានប្រើពេលមិនដល់២នាទីផង ក្នុងការផ្តួលជើងខ្លាំងរបស់ថៃ Den Naphau ឱ្យសន្លប់ធំ ចំណែក ទូច ដេវីត ក៏បានប្រើកណ្តាប់ដៃដ៏ធ្ងន់របស់គេម៉ាត់ឱ្យ Pan Phat សន្លប់ធំដូចគ្នា ប៉ុន្តែ នួន រ៉ាថេន មិនអាចប្រើភាពស៊ូរបស់ខ្លួន យកឈ្នះអ្នកប្រដាល់ល្អស្នៀតជើង PichNakorn បាននោះទេ។
បើទោះបីជាការជួបគ្នា៣លើកកន្លងមក មឿន សុខហ៊ុច ធ្លាប់បានយកឈ្នះកីឡាករថៃ Den Naphau ចំនួន២ដងទាំងលំបាក និងបានចាញ់១លើកវិញ ប៉ុន្តែសម្រាប់ការជួបគ្នាជាថ្មី នៅលើសង្វៀនប៉ុស្តិ៍លេខ៥ កាលពីយប់ថ្ងៃសៅរ៍ ម្សិលមិញនេះ មឿន សុខហ៊ុច មិនបានទុកពេលឱ្យដៃគូចាស់ម្នាក់នេះ បានបញ្ចេញសមត្ថភាពទាន់ពេលនោះទេគឺរូបគេបានផ្តួលឱ្យសន្លប់ នៅក្នុងរយៈពេលមិនដល់២នាទីផង។
ចំពោះការប្រកួតនេះ Den Naphau នៅមិនទាន់បានបញ្ចេញកណ្តាប់ដៃ ការវាយកែង និងការចូលចាប់បុកជង្គង់ ដែលជាជំនាញដ៏ល្អរបស់គេនោះទេ គឺកីឡាករថៃម្នាក់នេះ បានត្រឹមធាក់ទប់មួយៗ ពីការសសៀរបម្រុងចូលម៉ាត់ និងវាយកែងរបស់ មឿន សុខហ៊ុច ប៉ុន្តែអ្វីដែលរូបគេគិតមិនដល់ គឺត្រូវបាន សុខហ៊ុច ម៉ាត់ចូលផ្ទៃមុខ១ដៃ រួចបានស្ទុះចូលវាយកែងស្តាំចូលថ្គាមពេញមួយទំហឹងបណ្តាលឱ្យដួលសន្លប់ធំ នៅពាក់កណ្តាលទឹកទី១តែម្តង។

ការផ្តួល Den Naphau ឱ្យសន្លប់យ៉ាងលឿននេះ វានៅតែជួយឱ្យ មឿន សុខហ៊ុច អាចទាក់ទាញបានការចាប់អារម្មណ៍ និងការគាំទ្រពីអ្នកទស្សនាផ្ទាល់នៅព្រែកកំពឹសសម្រាប់ការបង្ហាញខ្លួនជាថ្មី នៅលើសង្វៀនប៉ុស្តិ៍លេខ៥ ហើយវាក៏ជាពេលដែលរូបគេអាចសងសឹកឱ្យជនរួមជាតិ សោម វិឆ័យ ដែលធ្លាប់បានចាញ់ Den Naphau សម្រាប់ការជួបគ្នា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ នៅសង្វៀនមួយនេះផងដែរ។
ដោយឡែកអតីតកីឡាករជម្រើសជាតិប្រដាល់សកល ទូច ដេវីត ក៏បានជម្រះភាពហ្មងសៅពីអតីតកាល តាមរយៈការម៉ាត់ឱ្យជើងខ្លាំងរបស់ថៃ Pan Phat សន្លប់ធំ នៅក្នុងទឹកទី៣ កាលពីយប់ថ្ងៃសៅរ៍នោះដូចគ្នា ខណៈការប្រកួតនេះ ពិតជាមានភាពស្វិតស្វាញខ្លាំង ហើយ ដេវីត ក៏ចង់គាំងម្តងៗរបស់ Pan Phat ផងដែរ។
បើទោះបីជា ទូច ដេវីត ធ្លាប់ចាញ់ពិន្ទុកីឡាករ Pan Phat កន្លងមក ប៉ុន្តែសម្រាប់ការជួបគ្នាជាថ្មីនេះ ដេវីត បានបង្ហាញការតាំងចិត្តខ្ពស់ ក្នុងការចង់ផ្តួលកីឡាករថៃម្នាក់នេះឱ្យសន្លប់ ដើម្បីលាងជម្រះភាពហ្មងសៅកាលពីអតីតកាល ហើយនេះជាមូលហេតុ ដែលរូបគេបានចូលវាយប្តូរជាមួយ Pan Phat តាំងពីទឹកទី១ ដែលធ្វើឱ្យការប្រកួតមានភាពស្វិតស្វាញខ្លាំង។

តាមរយៈការប្រកួតនេះ ទូច ដេវីត និង Pan Phat បានវាយចូលគោលដៅធ្ងន់ៗដូចគ្នា ដែលមិនទាន់អាចរកឃើញអ្នកមានប្រៀបនោះទេ ប៉ុន្តែការវាយប្តូរកណ្តាប់ដៃគ្នា នៅចុងទឹកទី៣ គឺកណ្តាប់ដៃឆ្វេងរបស់ ទូច ដេវីត បានវាយដល់ថ្គាមមុន បណ្តាលឱ្យ Pan Phat ដែលធ្លាប់ស្មើពិន្ទុជាមួយ ម៉ន សាម៉េត រូបនេះដួលសន្លប់ធំតែម្តង។
ចំណែកកីឡាករ នួន រ៉ាថេន មិនអាចយកឈ្នះកីឡាករថៃ PichNakhornដែលធ្លាប់ផ្តួល រិទ្ធី សុជាតិ ឱ្យសន្លប់នៅក្នុងទឹកទី៣បាននោះទេ។ ការប្រកួតនេះ រ៉ាថេន បានព្យាយាមចូលសម្រុកខ្លាំង ដើម្បីអាចប្រើកណ្តាប់ដៃ ព្រមទាំងការបុកកែង និងរូសកែងរបស់គេ ហើយកែងរបស់គេ ក៏បានបន្សល់ស្នាមពកជាច្រើនកន្លែង នៅលើផ្ទៃមុខរបស់PichNakhorn ផងដែរ។
តែទោះបីជាយ៉ាងណា ជំហរវាយបករបស់ PichNakhorn ពិតជារឹងល្អ ហើយរូបគេជាកីឡាករល្អទាត់ និងជង្គង់ ចំណែកការប្រើកណ្តាប់ដៃ និងកែងរបស់គេ ក៏មានប្រសិទ្ធភាពផងដែរ ដែលបានសន្សល់ស្នាមបែក នៅលើចុងចិញ្ចើម នួន រ៉ាថេន ផងដែរ មុនពេលប្រកាសឱ្យឈ្នះពិន្ទុ នៅក្នុងការប្រកួតនេះ៕



