ភ្នំពេញៈ ក្រុមសម្បូរដោយកីឡាករបរទេស Bayon បានឡើងទៅកាន់តំបន់កំពូលតារាងទាំង ៤ នៃការប្រកួតលីកខ្មែររៀលអ៊ីស្ទេត ឆ្នាំ ២០១៧ ជាថ្មីម្តងទៀត តាមរយៈការរកបាន ៣ ពិន្ទុបន្ថែម ប៉ុន្តែទីតាំងលេខ ១ លេខ ២ និងលេខ ៣ គ្មានការប្រែប្រួលនោះទេ។
សម្រាប់ការប្រកួតវិលជុំប្រចាំសប្តាហ៍ទី ១៣ កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ម្សិលមិញ ក្រុម Bayon បានលត់ក្រុមកូនខ្មែរ ៥-០ ដើម្បីឡើងទៅឈរនៅលេខរៀងទី ៤ វិញ ដោយមាន ២៥ ពិន្ទុ ឯក្រុម Narita បានលត់ក្រុម Goodhill ៥-០ ដែរ ដើម្បីឡើងទៅឈរនៅលេខរៀងទី ៥ ដោយមាន ២៥ ពិន្ទុដូចគ្នា។
ប៉ុន្តែការឡើងទៅឈរនៅលេខ ៤ របស់ Bayon ក៏មកពីក្រុមធ្លាប់ឈរនៅលេខ ៤ កាលពីសប្តាហ៍មុនគឺ Avatar បានទៅចាញ់ក្រុមខ្លាំង Khmer United ៤-២ កាលពីម្សិលមិញផងដែរ ហើយលទ្ធផលនេះបានរុញ Avatar ឲ្យធ្លាក់ទៅឈរនៅលេខរៀងទី ៦ ដោយមាន ២៣ ពិន្ទុដដែល ខណៈ Khmer United បន្តឈរនៅកំពូលតារាង ដោយមាន ៣២ ពិន្ទុ។
ចំណែកក្រុម Blue Dragon បានយកឈ្នះក្រុមបាសាក់ ៣-២ ទាំងលំបាក ដើម្បីបន្តឈរនៅលេខរៀងទី ២ ដោយមាន ៣២ ពិន្ទុដែរ ហើយក្រុមនិស្ស័យ បានយកឈ្នះក្រុម Anvaya ៣-១ ដើម្បីរក្សាទីតាំងលេខ ៣ របស់ខ្លួន ដោយមាន ២៨ ពិន្ទុ។
រីឯក្រុមយុវជនកំពង់ចាម បានយកឈ្នះក្រុមខ្លាស ៣-០ ដើម្បីឡើងមកឈរនៅលេខរៀងទី ៨ បន្ទាប់ក្រុម Goodhill ដោយមាន ២០ ពិន្ទុស្មើគ្នា។
ជាមួយគ្នានេះដែរ ក្រុម V.Train និងក្រុម Giants សុទ្ធតែបានឈ្នះ ៣ ពិន្ទុ ដើម្បីមាន ១៩ ពិន្ទុស្មើគ្នា ដោយក្នុងនោះ V.Train បានយកឈ្នះក្រុមបាតតារាង Havas ៣-១ ឡើងមកឈរនៅលេខ ៩ ហើយ Giants លត់ក្រុម HHK ៨-២ ឡើងមកឈរនៅលេខ ១០ លើក្រុមបាសាក់ដែលមាន ១៧ ពិន្ទុដដែល ក្រុម Anvaya មាន១៤ ពិន្ទុ ក្រុមខ្លាសមាន ១០ ពិន្ទុ ក្រុមកូនខ្មែរមាន ៦ ពិន្ទុស្មើក្រុម HHK និងក្រុម Havas មាន ៣ ពិន្ទុ៕


