
ក្រុងញូវយ៉ក: កីឡាករវាយកូនបាល់Rafael Nadal ជឿជាក់ថា ការជួបប្រកួតជាមួយនឹងកីឡាករ Roger Federer ក្នុងព្រឹត្តិការណ៍ US Openអាចនឹងនៅតែត្រឹមតែជាក្តីស្រមៃមួយប៉ុណ្ណោះ ក្រោយពីការធ្លាក់ចុះនូវទម្រង់លេងដ៏គួរឲ្យព្រួយបារម្ភរបស់តារាឆ្នើមរបស់ស្វ៊ីសរូបនេះ បានបន្តនៅក្នុងទីក្រុងញូវយ៉ក។
Federerម្ចាស់ជើងឯកក្នុងកម្មវិធី Grand Slam១៧សម័យបានចាញ់ក្រោមស្នាដៃរបស់កីឡាករមានចំណាត់ថ្នាក់លេខ១៩ប្រចាំព្រឹត្តិការណ៍ Tommy Robredoរបស់អេស្ប៉ាញ ក្នុងលទ្ធផលបច្ចេកទេស៧-៦ (៧/៣) ៦-៣ និង៦-៤ក្នុងការប្រកួតជុំទី៤ដែលនេះជាការធ្លាក់ចេញដ៏លឿនបំផុតរបស់គេពី US Open ក្នុងរយៈពេល១០ឆ្នាំមកនេះ។
វាក៏ជាការបាត់បង់នូវក្តីសង្ឃឹមផ្សេងៗសម្រាប់ការប្រកួតក្នុងវគ្គមួយភាគបួនដ៏គួរឲ្យចាប់អារម្មណ៍ជាមួយនឹងម្ចាស់ជើងឯក១២សម័យកាល Nedal នៅក្នុងជំនួបដែលនឹងក្លាយជាការប្រកួតជាលើកទី១ក្នុងចំណោមការប្រកួតទាំង៣១លើករបស់ពួកគេនៅឯទីលានFlushing Meadows។
Nedal ដែលបានឈានទៅកាន់វគ្គមួយភាគបួនផ្តាច់ព្រ័ត្រ តាមរយៈការផ្តួលកីឡាករPhilipp Kohlschreiber ក្នុងលទ្ធផល៦-៧ (៤/៧)៦-៤ ៦-៣ និង ៦-១នោះ បាននិយាយថា៖ «និយាយឲ្យត្រង់ទៅ វានឹងអស្ចារ្យបើសិនជាពួកយើងអាចជួបគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រពីព្រោះខ្ញុំមានអារម្មណ៍ថា ការប្រកួតរបស់ពួកយើងក្នុងរយៈពេលប្រមាណឆ្នាំមកនេះពួកយើងអាចលេងបានយ៉ាងល្អក្នុងគ្រប់ដំណាក់កាលនិងគ្រប់ទីលានជុំវិញពិភពលោក»។
កីឡាករទាំងពីររូបនេះ ធ្លាប់បានជួបគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ French Openចំនួន៤លើក ក្នុងវគ្គផ្តាច់ព្រ័ត្រនៃ Wimbledon ចំនួន៣លើកនិង១លើកក្នុងព្រឹត្តិការណ៍ Australian Open។
កីឡាករ Nadal បានរៀបរាប់បន្តថា៖ «ពួកយើងបានប្រកួតគ្នានៅក្នុងវគ្គផ្តាច់ព្រ័ត្រជាច្រើនលើកក្នុងកម្មវិធីរបស់ Grand Slam។ ដូច្នេះការប្រកួតលើកនេះសមនឹងទទួលបាននៅទីនេះ ក្នុងព្រឹត្តិការណ៍ US Open នៅលើទីលានប្រកួតដ៏ធំបំផុតក្នុងពិភពលោក»។
កីឡាកររបស់អេស្ប៉ាញរូបនេះបានបន្ថែមទៀតថា៖ «ប៉ុន្តែវាមិនបានកើតឡើងឡើយ។ យ៉ាងណាក៏ដោយវាមិនមែនមានន័យថាវាមិនអាចកើតឡើងនៅក្នុងថ្ងៃអនាគតនោះទេ។ យើងនឹងចាំមើលទាំងអស់គ្នា។ ប៉ុន្តែវាពិតណាស់ថា ពួកយើងនឹងកាន់តែចាស់ហេតុនេះ ឱកាសនៅពេលនេះពិតជាមានតិចជាងកាលពីប្រាំឆ្នាំមុន»។
Nadalមានអាយុត្រឹមតែ២៧ឆ្នាំប៉ុណ្ណោះប៉ុន្តែFederer មានវ័យរហូតដល់ទៅ៣៥ឆ្នាំរួចទៅហើយ៕ CSR


