ភំ្នពេញៈ សាលាឧទ្ធរណ៍ពីថ្ងៃអង្គារ សម្រេចបន្ធូរទោសមន្រ្តីនគរបាលម្នាក់ ពីបទបើកបរបង្កឲ្យមនុស្សស្លាប់ដោយអចេតនា ក្នុងឆ្នាំ ២០១១ តែបានតម្កល់សាលក្រមតុលាការថ្នាក់ក្រោមទុកជាបានការដដែល។
លោក អ៊ុំ សារិទ្ធ ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានថ្លែងថា សាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រមសាលាដំបូងខេត្ត កំពង់ស្ពឺ ដែលផ្តន្ទាទោសលោក រស់ ស៊ីណា អាយុ ៤៧ ឆ្នាំ ជានគរបាលពីបទបើកបរបង្កឲ្យអ្នកដទៃស្លាប់ដោយអចេតនាទុក ដដែល។
លោកបន្តថា៖ «សាលាឧទ្ធរណ៍គ្រាន់តែសម្រេចកែប្រែពីដាក់ ទណ្ឌកម្ម ១ ឆ្នាំ មកព្យួរទោសនិងពិន័យប្រាក់ពី ១៦០ លានរៀល ទៅជា ២០ លានរៀល និងបើកសិទ្ធិប្តឹងសារទុក្ខតាមច្បាប់»។
លោកបញ្ជាក់ថា តាមពិនិត្យមិនមានភ័ស្តុតាងណាថា រថយន្តកាមរីបុករថយន្តឡង់គ្រីស័រទេ គ្រោះថ្នាក់នេះបង្កពីខាងរថយន្តឡង់គ្រីស័រ។ ចំណែកខាងរថយន្តកាមរី ខុសច្បាប់ចរាចរណ៍ត្រង់មិនបានបន្ថយល្បឿន។
តាមអង្គហេតុ នៅម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី៧ ខែ មករា ឆ្នាំ ២០១១ ជនជាប់ចោទបើករថយន្តកាមរីឆ្លាមតាមផ្លូវជាតិលេខ ៤ រួមដំណើរដោយស្រី្ត ២ នាក់ ពេលទៅដល់ភូមិ ទី៦ ឃុំ ត្រែងត្រយឹង ស្រុក ភំ្នស្រួច ខេត្ត កំពង់ស្ពឺ មានរថយន្ត ឡង់គ្រីស័រមួយគ្រឿងឲ្យភ្លើងសុំជែង តែរថយន្តកាមរីខាងលើមិនឲ្យជែង តែខាងរថយន្ត ឡង់គ្រីស័រនៅតែជែងជួនគ្នានឹងរថយន្ត កុងតឺន័រមួយគ្រឿងមកដល់ល្មម បណ្តាលឲ្យរថយន្តទាំង ២ កៀរគ្នា ធ្វើឲ្យរថយន្ត ឡង់គ្រីស័រធ្លាក់ជ្រោះជម្រៅ ១៧ ម៉ែត្រ ស្លាប់មនុស្សក្នុងរថយន្ត ៤ នាក់ឯខាងរថយន្តកាមរីរងរបួសធ្ងន់ទាំងបីនាក់។
ករណីនេះសាលក្រមសាលាដំបូងខេត្ត កំពង់ស្ពឺ ចុះថ្ងៃទី២៦ ខែ មេសា ឆ្នាំ ២០១២ សម្រេចផ្តន្ទាទោស រស់ ស៊ីណា ដាក់ពន្ធនាគារ ១ ឆ្នាំ និងបង្គាប់ឲ្យសងថ្លៃខូចខាតនិងជំងឺចិត្តទៅជនរងគ្រោះ ១៦០ លានរៀល ពីបទបើកបរបង្កឲ្យអ្នកដទៃស្លាប់ដោយអចេតនា។តែជនជាប់ចោទដែលនៅក្រៅឃុំបានប្តឹងឧទ្ធរណ៍លើសេចក្តីសម្រេចនេះ។
ក្នុងសវនាការឧទ្ធរណ៍ ស៊ីណា ប្រាប់តុលាការថា នៅត្រង់នោះជាផ្លូវចោត នៅពេលនោះគាត់ឃើញឡានកុងតឺន័រនៅប្រហែល ៥០០ ម៉ែត្រស្របពេលឡានឡង់គ្រីស័រមកដល់ គាត់ក៏ឲ្យភ្លឺហាមវ៉ា តែឡានឡង់គ្រីស័រនៅតែវ៉ា ក៏ប៉ះកង់ខាងស្តាំនិងកង់ខាងឆ្វេងឡានគាត់ ធ្វើឲ្យរថយន្តជាប់គ្នា ហើយក្រឡាប់ទាំងពីរ។
លោកបន្តថា៖ «ខ្ញុំមិនបានបង្កគ្រោះថ្នាក់នេះទេ ខាងឡង់គ្រីស័រគាត់ជែងពេលមានឧបសគ្គ។ សុំឲ្យក្រុមប្រឹក្សាលើកបទចោទ»។
ករណីនេះនគរបាលចរាចរណ៍ ជើងគោកខេត្ត កំពង់ស្ពឺ សន្និដ្ឋានថាឡានឡង់គ្រីស័រមានកំហុស។ចំណែកតំណាងមហាអយ្យការ បានច្រានចោលសាលក្រមសាលាដំបូងខេត្តនិងសុំឲ្យក្រុមប្រឹក្សាពិចារណាឡើងវិញ ព្រោះតុលាការគួររកយុត្តិធម៌ឲ្យទាំងជនរងគ្រោះនិងជនជាប់ចោទ៕

