
ភ្នំពេញៈ អត្តពលិកជនពិការកម្ពុជា ដែលដណ្តើមបានមេដាយក្នុងការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី៧ នៅមីយ៉ាន់ម៉ា ត្រូវបានលោក ហ៊ុន ម៉ានី ជាកូនប្រុសបង្កើតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាននាំយកប្រាក់រង្វាន់មកប្រគល់ជូនដល់ដៃ នៅមជ្ឈមណ្ឌលជាតិជនពិការកម្ពុជាថ្មី ក្នុងខណ្ឌសែនសុខ កាលពីល្ងាចថ្ងៃចន្ទ កន្លងមកនេះ។
សម្រាប់ការប្រកួតធ្វើនៅទីក្រុងណៃពិដោ កាលពីថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤ នេះកម្ពុជាបានបញ្ជូនអត្តពលិកជនពិការទៅចូលរួម៣២នាក់ ហើយពួកគេដណ្តើមបានមេដាយមាស៤គ្រឿង មេដាយប្រាក់១១គ្រឿង និងមេដាយសំរឹទ្ធ១៧គ្រឿង។
លោក ហ៊ុន ម៉ានី បានសំណូមពរឲ្យម្ចាស់ជ័យលាភីយកថវិកាទាំងនេះទៅប្រើប្រាស់ សម្រាប់កែលម្អជីវភាពរបស់ខ្លួន និងជីវភាពនៅក្នុងគ្រួសារ។ លោកបន្តថា៖«ខ្ញុំមានមោទនភាពណាស់ នៅពេលខ្ញុំមើលទូរទស្សន៍ឃើញកីឡាករកម្ពុជា ឈរនៅឈ្នាន់លេខ១ ហើយបានគោរពទង់ជាតិខ្មែរ ដែលតំណាងឲ្យប្រជាជាតិខ្មែរទាំងមូលនោះ»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសន្យាតាំងពីពេលមុនមកថា ចំពោះអ្នកឈ្នះមេដាយមាស នឹងបានរង្វាន់៥០០០ដុល្លារ មេដាយប្រាក់ បាន៣០០០ដុល្លារ និងសំរឹទ្ធ ២០០០ដុល្លារ ខណៈគ្រូបង្វឹក ទទួលបានស្មើនឹងអត្តពលិកដែលខ្លួនបង្ហាត់(មេដាយខ្ពស់ជាងគេ) រីឯគ្រូបង្វឹកជំនួយ បានស្មើនឹង៧០ភាគរយ ដែលនេះជារង្វាន់ផ្ទាល់របស់លោកហើយពេលនេះលោកបានបំពេញតាម សន្យាហើយ។
ប្រាក់រង្វាន់ ដែលផ្តល់ជូនអត្តពលិក គ្រូបង្វឹក និងគ្រូជំនួយតាមអនុក្រឹត្យវិញ គឺមានចំនួន២៦១៥៥០ដុល្លា បូករួមទាំងថវិកាបន្ថែមពីលោក ហ៊ុន សែន និងលោកជំទាវ ប៊ុន រ៉ានី ចំនួន១២០៥០០ដុល្លារទៀត ដែលសរុបមានចំនួន៣៨២០៥០ដុល្លារ។ នៅក្នុងនោះកីឡាករ វ៉ាន់ វ៉ុន ដែលឈ្នះបានមេដាយមាស៣ និងប្រាក់២តែម្នាក់ឯងនោះ ទទួលបានប្រាក់១៨០លានរៀលខណៈកីឡាករហែលទឹក ឈឹម ទាត់ បានមេដាយមាស១គ្រឿងដែរហើយក្រៅពីនោះសុទ្ធតែមេដាយប្រាក់ និង សំរឹទ្ធ ដោយកីឡាបាល់ទះអង្គុយ បានមេដាយសំរឹទ្ធ។
នៅក្នុងឱកាសនោះលោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានធ្វើរបាយការណ៍ស្តីពីការរីកចម្រើននៃកីឡាជនពិការ ក្រោមការជួយឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាលទាំងស្រុង ពិសេសលោកហ៊ុន សែន ដែលជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា តែម្តង។ រីឯអត្តពលិកជនពិការទាំងអស់ បានប្រគល់លិខិតថ្លែងអំណរគុណមួយច្បាប់ដល់លោកហ៊ុន ម៉ានី នាពេលនោះផងដែរ៕


