The Cambodian Bailliage ជាសមាគមអាហារថ្មីនៃក្រុម Chaine de Rotisseurs នៅក្នុងប្រទេសកម្ពុជាបានបើកដំណើរការកាលពីឆ្នាំ ២០១០ នៅឯសណ្ឋាគារសូហ្វីតែលក្នុងរាជធានីភ្នំពេញដោយផ្ដល់ជូននូវស្រា និងម្ហូបអាហារប្រកបដោយគុណភាពសម្រាប់អ្នករាល់គ្នា។ សមាជិក The Cambodian Bailliage ដែលត្រូវបានគេស្គាល់ថាជាក្រុមថ្មីនៅក្នុងប្រទេសកម្ពុជាតែងជួបជុំគ្នានៅតាមទីតាំងផ្សេងៗជារៀងរាល់ខែដូចជាភោជនីយដ្ឋាន Topaz និង Red Apron ហើយរីករាយជាមួយម្ហូបអាហារប្លែកៗចាប់ពីសាច់បន្ទះរហូតដល់សាច់ត្រីធូណា និងសាច់ពពែជាដើម។
Chaine des Rotisseurs ដែលជាសមាគមអន្តរជាតិត្រូវបានបង្កើតឡើងនៅទីក្រុងប៉ារីសកាលពីឆ្នាំ ១៩៥០ ហើយវាមានអាយុកាលវែងអន្លាយតាំងពីឆ្នាំ ១២៤៨ ក្នុងរជ្ជកាលស្ដេចល្វីសទី ១០ ។ ក្នុងកិច្ចខិតខំប្រឹងប្រែងបង្ហាញការពិតសម្រាប់វិស័យពាណិជ្ជកម្មដែលបានចូលរួមចំណែកដល់ការសាងសង់ព្រះរាជវាំង Saint Chapelle របស់ព្រះចៅ ល្វីសទី ១០ បានបង្កើតជាសមាគមជាច្រើនក្នុងបំណងបង្កើនចំណេះដឹងផ្នែកបច្ចេកទេស និងជំនាញរបស់អ្នកជំនួញជាច្រើន។ សមាគមមួយដែលត្រូវបានបង្កើតឡើងនោះត្រូវបានគេហៅថា «Oyeurs» ឬក្រុមទាខ្វៃ។ រាប់ឆ្នាំក្រោយមកក្រុមនោះបានបង្កើតឲ្យមានសិល្បៈចម្អិនអាហារដោយបានបំពេញតាមតម្រូវការ វិជ្ជាជីវៈ និងគុណភាពដែលគ្រួសាររាជវង្សចង់បាន។
មកដល់ឆ្នាំ ១៥០៩ ប៉ុន្មានសតវត្សរ៍ក្រោយមកពួកគេបានអភិវឌ្ឍវិជ្ជាជីវៈយ៉ាងស្ទាត់ជំនាញចំណេះដឹងរបស់ក្រុមនេះត្រូវបានពង្រីកបន្តទៅលើការរៀបចំសាច់ផ្សេងៗគ្នាហើយក្រុមនេះក្រោយមកបានដាក់ឈ្មោះខ្លួនឯងថា «Rotisseurs» មានន័យថា «ខ្វៃ»។
សមាគមនោះបានចាប់កំណើតពីពេលនោះអស់ច្រើនសតវត្សរ៍មកហើយដោយបានប្រែក្លាយខ្លួនទៅជាអ្វីដែលយើងស្គាល់ថា Chaine des Rotisseurs នាពេលសព្វថ្ងៃនេះ។ សមាគមនេះបានរីកចម្រើនហើយគេអាចឃើញមាននៅគ្រប់កន្លែងជុំវិញពិភពលោករួមទាំងនៅក្នុងប្រទេសកម្ពុជាផងដែរ។ សមាជិកនៃសមាគមនេះរីករាយផ្ដល់ជូនប្រណីតភាពខាងអាហារ ម្ហូប និងស្រាដ៏ល្អ។

ការបង្កើតក្រុមនេះនៅកម្ពុជាបានចាប់ផ្ដើមឡើងកាលពីឆ្នាំ ២០១០ ដោយបង្កើតឲ្យមានការជួបជុំហូបអាហាររួមដំបូងដែលរៀបចំឡើងនៅឯសណ្ឋាគារសូហ្វីតែល។ នៅថ្ងៃនោះមនុស្ស ៦២ នាក់ត្រូវបានគេចាត់បញ្ចូលជាសមាជិក។ ប្រាំឆ្នាំក្រោយមកសមាជិកនៃសមាគមនេះបានកើនដល់ចំនួន ៧៩ រូប។
វាគ្មានអ្វីចម្លែកទេប៉ុន្តែវាគឺជាសមាគមដែលមិនបើកចំហរ។ នរណាម្នាក់ដែលមានចំណាប់អារម្មណ៍ និងស្រឡាញ់ចូលចិត្តម្ហូបអាហារអាចចូលរួមក្នុងសមាគមនេះបាន។ សព្វថ្ងៃនេះសមាជិក ៥០ ភាគរយគឺជាជនជាតិកម្ពុជាហើយ ៥០ ភាគរយទៀតជាជនបរទេស។ ក្នុងចំណោមសមាជិករបស់សមាគមមានម្ចាស់ និងអ្នកគ្រប់គ្រងភោជនីយដ្ឋានធំៗអ្នកកាទូតមួយចំនួន និងអ្នកដទៃទៀតដែលគ្រាន់តែរីករាយនឹងអាហារលំដាប់កំពូលនេះនៅជាមួយមនុស្សមានចិត្តគំនិតដូចគ្នា។
លោក Peter Brongers ប្រធានសមាគម The Cambodian Bailliage មានប្រសាសន៍ថា៖ «សមាជិកទាំងអស់នៃសមាគមនេះមានរឿងតែមួយដូចគ្នាគឺថាពួកគេទាំងអស់ចូលចិត្តម្ហូប និងស្រាល្អៗ។ ពួកគេជួបជុំគ្នាម្ដងក្នុងមួយខែនៅទីតាំងមួយដោយចាប់យកម្ហូប និងរីករាយជាមួយមិត្តភក្តិ។ ជីវិតដ៏ល្អគឺការទទួលអារម្មណ៍រីករាយជាមួយអាហារនៅលើតុ ម្ហូប ស្រា និងមិត្តភក្តិទាំងថ្មីទាំងចាស់»។
ចង្ក្រានចម្អិនម្ហូបអាហារនៅតាមភោជនីយដ្ឋានដែលក្រុមនេះទៅដល់នឹងចម្អិនម្ហូបពិសេសៗសម្រាប់កម្មវិធីដោយព្យាយាមទាក់ចិត្តសមាជិកជាមួយនឹងម្ហូបអាហារដ៏ប្រណីតរបស់ពួកគេ។ សមាគមនេះបានលើកទឹកចិត្តចុងភៅនៅភោជនីយដ្ឋានឲ្យបញ្ចេញសមត្ថភាព និងគុណភាពចម្អិនម្ហូបរបស់ពួកគេ។
លោក Brongers ពន្យល់ថា៖ «គោលគំនិតនៃកម្មវិធីអាហាររួមនេះគឺដើម្បីទទួលបានម្ហូបឆ្ងាញ់បំផុតចេញពីចុងភៅដើម្បីជំរុញ និងបង្កើតម្ហូបអាហារដ៏ល្អមានទាំងវិធីចម្អិន និងវិធីបង្ហាញម្ហូប»។
The Cambodian Bailliage រីករាយនឹងម្ហូបឆ្ងាញ់ៗស្រស់ៗមួយចំនួនក្នុងនោះមានទាខ្វៃចិននៅភោជនីយដ្ឋាន Yisang សាច់ត្រីធូណាស្រស់ៗយកមកពីទីផ្សារត្រីតូក្យូរួមជាមួយគ្រូចុងភៅជប៉ុនផងដែរអ័យស្ទ័រជប៉ុន និងអាហារបុរាណជប៉ុនមួយចំនួននៅភោជនីយដ្ឋានជប៉ុន Kanji។

លោក Brongers ឲ្យដឹងថាក្រៅពីម្ហូបអាហារសមាគមនេះក៏នឹងចំណាយពេលសប្បាយរីករាយជាមួយមិត្តភក្តិផងដែរ។ កាលពីឆ្នាំមុនពេលដែល The Cambodian Bailliage រៀបចំពិធីជប់លៀងមួយនៅភោជនីយដ្ឋានម្លិះនៅជិតវិមានឯករាជ្យពួកគេបានបិទទ្វារភោជនីយដ្ឋាននោះសម្រាប់សមាគមហើយសមាជិកបានសប្បាយរីករាយនឹងការរាំកម្សាន្តតាមប្រពៃណីខ្មែរនៅរាត្រីនោះ។
លោក Brongers ប្រាប់ថាសមាជិកប្រហែល ៣០ នាក់ដែលស្មើនឹងពាក់កណ្ដាលនៃចំនួនសរុបបានបង្ហាញខ្លួននាពេលនោះ។ ពិធីជប់លៀងចុងក្រោយដែលក្រុមនោះរៀបចំឡើងធ្វើនៅតំបន់ភ្នំក្នុងខេត្តកំពតនៅឯកសិដ្ឋានចិញ្ចឹមសត្វ Starling ជាទីដែលក្រុមរីករាយនឹងហូបចុកសាច់ចៀមដែលត្រូវបានចម្អិនក្នុងស្រាលាយជាមួយក្ដាមស្រស់ និងម្រេចកំពតអស់រយៈពេលពីរបីថ្ងៃ។
The Cambodian Baillage បើកចំហដល់មនុស្សទាំងអស់ហើយគេអាចចូលរួមក្នុងព្រឹត្តិការណ៍នានាយ៉ាងសាមញ្ញ។ សមាជិកចម្រុះទៅដោយពលរដ្ឋកម្ពុជាជនបរទេសក្រុមនេះប្រាកដបន្តកើនសមាជិកខណៈដែលក្រុមនេះបន្តស្វាគមន៍សមាជិកថ្មីៗដែលចង់រីករាយម្ហូបអាហារផ្សេងទៀតក្រៅពីអាហារក្នុងស្រុក។
លោក Brongers និយាយថា៖ «ចុងក្រោយមនុស្សដែលចូលចិត្តម្ហូប និងស្រាល្អពួកគេតែងតែស្វែងរកគ្នាទៅវិញទៅមក។ លោកអ្នកនឹងទៅភោជនីយដ្ឋានតែមួយ និងមានតួនាទីដូចគ្នា»៕


