
មនុស្សជាច្រើនគិតថាការរាំគ្រាន់តែជាការកម្សាន្ដរបស់ពួកគេប៉ុណ្ណោះតែតាមការពិតវាហាក់ដូចជាសិល្បៈម្យ៉ាងដែលមានក្បួនខ្នាតរៀនត្រឹមត្រូវ។ ពេលខ្លះការរាំអាចជាការបង្ហាញនូវវប្បធម៌របស់ប្រទេសមួយ។កម្ពុជាជាប្រទេសមានក្បាច់រាំដ៏សម្បូរបែបដូចជារំាវង់ រាំក្បាច់ សារ៉ាវ៉ាន់ និងឡាំលាវជាដើម។
បច្ចុប្បន្ននៅរាល់ក្នុងកម្មពិធីជប់លៀងឬមង្គលការនានា យើងសង្កេតឃើញថាថ្វីដ្បិតតែក្បាច់រាំប្រពៃណីខ្មែរនៅតែមានភាពពេញនិយមយ៉ាងណាក៏ដោយប៉ុន្ដែយុវជនមួយចំនួននៅមិនទាន់ចូលចិត្តចង្វាក់បែបយឺតៗដែលទាមទារកាយវិការយ៉ាងរស់រវើកនេះទេ។ផ្ទុយទៅវិញពួកគេចូលចិត្តមានការច្នៃប្រឌិតខ្លាំងណាស់ដោយសូម្បីតែបទប្រពៃណីខ្មែរក៏ពួកគេអាចយកទៅរាំបែបញាក់កន្ត្រាក់ញ័រញាក់បានដែរ។
មិនថាក្នុងឱកាស ឬកម្មវិធីណានោះទេយើងចាប់អារម្មណ៍ឃើញថានៅពេលដែលតន្ដ្រីចាប់បន្លឺបទញាក់ឬកន្រ្តាក់ យុវជនជាច្រើនបាននាំគ្នាឡើងរាំយ៉ាងគគ្រឹកគគ្រេងប៉ុន្តែបើបទរាំវង់ ជាពិសេសចង្វាក់ក្បាច់មិនសូវមានអ្នកចូលរាំអ៊ូអរឡើយ។
ជាក់ស្ដែង លោក ម៉ែន តុលា អាយុ១៩ឆ្នាំ ជាសិស្សនៅវិទ្យាល័យស៊ីសុវត្ថិបានប្រាប់ឲ្យដឹងថា៖ «មិនថាជាពិធីអ្វីនោះទេខ្ញុំចូលចិត្តរាំតែភាគច្រើនជាចង្វាក់ញាក់កន្រ្តាក់អារម្មណ៍។ រីឯបទរាំវង់ ឬក៏ក្បាច់ខ្ញុំមិនសូវចូលចិត្តប៉ុន្មានទេពីព្រោះវាយឺតពេកនិងគួរឲ្យនឿយហត់ណាស់»។
លោក តុលា បានបន្តទៀតថាទោះបីជាខ្ញុំមិនចូលចិត្តរំាចង្វាក់ប្រពៃណីយ៉ាងណាក៏ដោយខ្ញុំពិតជាស្រឡាញ់ការរំារបស់ខ្មែរណាស់ដោយក្បាច់ខ្មែរមានក្បួនខ្នាតត្រឹមត្រូវដែលខុសពីការរាំរបស់ប្រទេសដទៃ៕


