
ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនឹងចូលមកដល់នៅថ្ងៃទី ១៤ ដល់ទី១៦ ខែមេសា ខាងមុខនេះ។ ប្រជាជនខ្មែរប្រារឰពិធីបុណ្យនេះឡើងរយៈពេលបីថ្ងៃ ដែលថ្ងៃទីមួយជាថ្ងៃមហាសង្រ្កាន្ត ថ្ងៃទីពីរជាថ្ងៃវរ:វ័នបត និងថ្ងៃទីបីជាថ្ងៃឡើងស័ក។
ពីមួយឆ្នាំទៅមួយឆ្នាំជារៀងរាល់ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរយុវជនយើងតែងតែរៀបចំកាដូសម្រាប់ជូនលោកយាយ លោកតា និងឪពុកម្តាយហើយរៀបចំពិធីស្រង់ព្រះជូនពួកគាត់ទៀតផង។ ពិធីស្រង់ព្រះនេះប្រជាជនខ្មែរតែងតែធ្វើឡើងនៅថ្ងៃចូលឆ្នាំទីបីដោយពួកគេធ្វើពិធីស្រោចទឹកដែលមានក្លិនក្រអូបផ្កានិងទឹកអប់មកធ្វើការស្រោចស្រង់ជូនឪពុកម្តាយដើម្បីសុំសេចក្តីសុខជូនដល់ពួកគាត់ហើយក្នុងនាមជាកូនក៏យើងបានទទួលនូវពរសព្ទសាធុការពីពួកគាត់វិញដែរ។
ការគោរពដឹងគុណលោកយាយ លោកតា និងឪពុកម្តាយថ្មីៗនេះពិតជាមានការរីកចម្រើនជាខ្លាំងដោយពួកគេចេះជូនសម្លៀកបំពាក់ឬជារបស់របរជូនអ្នកមានគុណរបស់ខ្លួន។
លោក លឹម វិច្ឆិកា ២៣ឆ្នាំ ជាបុគ្គលិកនៅក្នុងក្រុមហ៊ុនឯកជនមួយបាននិយាយថា៖ «ពេល ចូលឆ្នាំខ្មែរម្តងៗ ខ្ញុំតែងតែទិញសម្លៀកបំពាក់ជូនប៉ាហើយជូនថវិកាដល់ម៉ាក់របស់ខ្ញុំទៀតផង។ ខ្ញុំនិងយុវជនមួយចំនួនផ្សេងទៀតក្នុងភូមិ តែងតែធ្វើពិធីស្រង់ព្រះជូនឪពុកម្តាយ។ តែបើនិយាយទៅមិនថាពិធីអ្វីនោះទេខ្ញុំតែងតែបង្ហាញនូវភាពដឹងគុណជានិច្ចដល់ឪពុកម្តាយរបស់ខ្ញុំព្រោះនៅពេលខ្ញុំឃើញគាត់សប្បាយចិត្តខ្ញុំក៏រីករាយដែរ»។
ក្នុងនាមជាឪពុកម្តាយក៏មានអារម្មណ៍មិនខុសពីកូនៗប៉ុន្មានទេពួកគាត់ពិតជារីករាយណាស់នៅពេលកូនដើរតាមគន្លងធម៌បែបនេះ។
អ្នកស្រី ស៊ឹម សុជាតិ វ័យ៤២ឆ្នាំជាមេផ្ទះម្នាក់បាននិយាយថា៖ «ខ្ញុំពិតជាឃើញយុវវ័យបច្ចុប្បន្នមានការយល់ដឹងច្រើនពីកតញ្ញុតាធម៌ចំពោះឪពុកម្តាយ។ ជាក់ស្ដែងកូនស្រីរបស់ខ្ញុំតែងតែធ្វើពិធីស្រង់ព្រះឲ្យខ្ញុំរៀងរាល់ចូលឆ្នាំនិងទិញជារបស់របរជូនខ្ញុំជាច្រើនទៀត។ ខ្ញុំពិតជារីករាយណាស់ដែលមានកូនស្រីចេះដឹងគុណបែបនេះ»។
អ្នកស្រីបានមានប្រសាសន៍ថាអ្នកស្រីផ្ទាល់សង្ឃឹមថារាល់យុវវ័យជាកូនទាំងអស់គោរពប្រតិបត្ដិដូចកូនស្រីគាត់អ៊ីចឹងដែរ៕


