
តារាសម្ដែងដ៏ស័ក្ដិសមឥតខ្ចោះនិងទទួលបានការកោតសរសើរពីទស្សនិកជនគឺជាក្ដីស្រមៃរបស់មនុស្សភាគច្រើនប្រាថ្នាចង់បាននៅក្នុងវិស័យខ្សែភាពយន្ដ។បើទោះជាមើលទៅហាក់ដូចជាងាយស្រួលក៏ពិតមែនប៉ុន្ដែការហ្វឹកហាត់ក្នុងវិស័យនេះត្រូវទាមទារឲ្យមានការខិតខំប្រឹងប្រែងខ្លាំងនិងការតាំងចិត្តខ្ពស់។
មុននឹងក្លាយទៅជាតារាសម្ដែងអាជីពពួកគេត្រូវឆ្លងកាត់ឧបសគ្គជាច្រើនរួមទាំងការខ្មាសអៀនផងដែរ។
ជាក់ស្ដែង កញ្ញា ចំរើន សុភា វ័យ២៣ឆ្នាំមានស្រុកកំណើតនៅខេត្តកណ្ដាលដែលជាសមាជិកមួយរូបក្នុងផលិតកម្មក្រុមបានចូលខ្លួនក្នុងវិស័យសិល្បៈសម្ដែងចាប់តាំងពីកញ្ញាមានអាយុ១២ឆ្នាំមកម្ល៉េះ។
ចាប់ផ្ដើមពីការចូលសិក្សាផ្នែករបាំបុរាណនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈកញ្ញាសុភា បានធ្វើដំណើរយ៉ាងវែងឆ្ងាយនៅលើវិថីសិល្បៈប៉ុន្ដែពេលខ្លះកញ្ញានៅតែជួបបញ្ហាចំពោះភាពខ្មាសអៀនក្នុងពេលសម្ដែង។
ឆ្លងកាត់បទពិសោធចូលរួមប្រកួតចម្រៀងក្នុងមហោស្រពតន្ត្រីថ្នាក់ជាតិឆ្នាំ២០១១ ការសម្ដែងនៅក្នុងផលិតកម្មក្រុមព្រមទាំងការរាំរបាំប្រពៃណីកញ្ញា សុភា បានប្រាប់ថា៖ «ការសម្ដែងមិនមែនជាការងារងាយស្រួលទេ ពីព្រោះខ្ញុំត្រូវតម្រូវឲ្យដើរតួអង្គផ្សេងៗដែលបង្ហាញពីអត្ដចរិតខុសៗពីសាច់រឿងមួយទៅសាច់រឿងមួយទៀត»។
កញ្ញា បានបន្ថែមទៀតថា៖ «វាពិបាកនៅពេលដែលអ្នកដឹកនាំតម្រូវឲ្យខ្ញុំដើរតួយំនៅក្នុងសាច់រឿង ពីព្រោះខ្ញុំចូលចិត្ដសម្ដែងតួអង្គឆ្នាសឆ្នើមជាង»។
ដោយសារតែមានចម្ងល់ចំពោះការខ្មាសអៀនរបស់ខ្លួននេះ កញ្ញា ចំរើន សុភា ចង់ដឹងអំពីវិធីសាស្ដ្រដើម្បីដោះស្រាយបញ្ហាដើម្បីឲ្យការសម្ដែងនេះកាន់តែល្អ ប្រសើរថែមទៀត៕សូមរង់ចាំអានអត្ថបទដំណោះស្រាយនៅសប្ដាហ៍ក្រោយ!


