ភ្នំពេញៈ លោកនាយរដ្ឋមន្ត្រីហ៊ុនសែន កាលពីព្រឹកថ្ងៃទី១៣ខែមីនានេះ បានបង្ហាញការឈឺចាប់ចំពោះបំណុលដែលអាមេរិកទាមទារពីកម្ពុជាដោយលោកប្រដូច ករណីនេះប្រៀបបាននឹងជាការប្រើពូថៅឬញញួរមកវាយក្បាលកម្ពុជាហើយទាមទារឲ្យកម្ពុជាផ្តល់សំណងទៀត។
ការលើកឡើងនេះ ធ្វើឡើងនៅក្នុងឱកាសដែលលោកចូលរួមសម្ពោធ ដាក់ឲ្យប្រើប្រាស់នូវកំណាត់ផ្លូវជាតិលេខ ១ ដំណាក់កាលទី ៤ ដែលមានប្រវែងសរុប ៤ គីឡូម៉ែត្រ គិតចាប់ពីចំណុចគល់ស្ពានព្រះមុនីវង្សទៅ។ លោក ហ៊ុន សែន បានប្រដូចគ្រាប់បែកទម្លាក់ដោយអាមេរិកលើទឹកដីខ្មែរប្រៀបដូចជាពូថៅដែលគេយកមកសំពងលើក្បាលប្រជាជនខ្មែរ ហើយនៅពេលញញួរនោះប្រឡាក់ឈាម គេថែមទាំងទារលុយថ្លៃសម្អាតញញួរ។
លោកបានបញ្ជាក់ថា៖ «រឿងដែលលំបាកបំផុតគេយកពូថៅមកវាយយើងហើយគេសុំឲ្យយើងសងថ្លៃពូថៅរបស់គេទៀត។ រឿងដែលវាលំបាកគឺនៅត្រង់ហ្នឹង បានសេចក្តីថា មុននេះគេយកពូថៅមកវាយយើង។ វាដូចជាប្រឡាក់ពូថៅរបស់គេ ហើយឥឡូវគេសុំឲ្យយើងបន្តសងលុយគេ…យើងជំពាក់បំណុលបរទេសមួយចំនួន តែមិនមែនបំណុលដែលយើងខ្ចីទេ គឺ លន់ នល់ ជាអ្នកខ្ចី បានសេចក្តីថា ទិញគ្រាប់បែកយកមកទម្លាក់នៅប្រទេសរបស់យើង អីចឹងប្រៀបដូចជា យកញញួរមកវាយក្បាលយើង បន្ទាប់ទៅថា ប្រឡាក់ញញួរអញ សងលុយឲ្យអញទៀត។ នេះជាការឈឺចាប់សម្រាប់យើង។ អីចឹងខ្មែរត្រូវជាធ្វើជាម្ចាស់ទៅលើជោគវាសនារបស់ខ្មែរ មិនត្រូវទោរទន់តាមរបៀបបង្ខំរបស់នរណាមួយឡើយ»។
លោកនាយករដ្ឋមន្ត្រីបានបន្ថែមថា៖ «ឥឡូវនេះគេស្នើសុំជាផ្លូវការហើយយកខ្សែភាពយន្តដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិនៅសាកលវិទ្យាអូហាយ៉ូរបស់អាមេរិកដើម្បីប្រើប្រាស់ផ្លូវការពីព្រោះផលិតដំបូងជាភាសាអង់គ្លេស»។
លោកបានលើកឡើងថា គ្រាន់តែធ្វើស្ពានទិសបាសាកមួយយើងត្រូវមុជទឹកដោះគ្រាប់មីនមិនទាន់ផ្ទុះនៅក្រោមបាតទន្លេបានប៉ុន្មានទៅ។ ប្រទេសរបស់យើង វាកម្សត់ណាស់និងមានបទពិសោធគ្រប់គ្រាន់ណាស់ហើយ។ កម្ពុជាត្រូវតែធ្វើម្ចាស់លើប្រទេសរបស់ខ្លួន។កម្ពុជាត្រូវការជំនួយ សហប្រតិបត្តិការជាមួយពីមិត្តភ័ក្ដិប៉ុន្តែកត្តាសម្រេចកំណត់គឺប្រជាជនកម្ពុជាខ្លួនឯងប៉ុណ្ណោះ គ្មាននរណាស្លាប់ជាមួយយើងក្រៅពីយើងនោះទេ។
លោកបានបញ្ជាក់ថា៖ «បទពិសោធបានប្រាប់យើងយ៉ាងដូច្នេះ ដូចជាបទពិសោធនៅ អ៊ីរ៉ាក់ ស៊ីរី លីប៊ី ស៊ូដង អាហ្វ្រិកកណ្តាល និងបទពិសោធនៅ ម៉ាលី ដែលកម្ពុជាបានបញ្ជូនកម្លាំងទៅមួយចំនួនផង។ នេះគឺជា បទពិសោធច្បាស់លាស់ ហើយគ្មាននរណាទៅស្លាប់ជំនួសប្រជាជន ស៊ីរី លីប៊ី និង អ៊ីរ៉ាក់ទេ។ ត្រូវចាំឲ្យច្បាស់ កាលពីមុនយើងទេ គឺជាអ្នកស្លាប់ មិនមានគេស្លាប់ជំនួសទេ»៕


