ភ្នំពេញ: ក្រុមបណ្ដាញសហគមន៍ជនជាតិដើមភាគតិចចំនួន ១០៥ មកពី ៨ ខេត្ត/ក្រុងនៅកម្ពុជាកាលពីម្សិលមិញបានស្នើឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការធ្វើទុក្ខបុកម្នេញតាមរយៈការអភិវឌ្ឍគ្មានការទទួលខុសត្រូវ និងការផ្ដល់ដីសម្បទានដែលជំរុញឲ្យពួកគេធ្វើចំណាកស្រុក ការផ្លាស់ទីដោយបង្ខំ និង រឹតត្បិតសិទ្ធិសេរីភាព។
ការដាក់សំណើនេះធ្វើឡើងនៅក្នុងទិវាអន្ដរជាតិជនជាតិដើមភាគតិចលើកទី ២៤ និងជាទិវារំឭកខួបលើកទី ១៤ នៃទិវាជនជាតិដើមភាគតិចនៅកម្ពុជាក្រោមប្រធានបទ «ការចំណាកស្រុក និងបន្លាស់ទីរបស់ជនជាតិដើមភាគតិច» ដោយពួកគេបានប្រារព្ធធ្វើទៅតាមខេត្ត និងទីកន្លែងរៀងៗខ្លួន។
តាមសេចក្ដីថ្លែងការណ៍រួមរបស់ជនជាតិដើមភាគតិចនៅកម្ពុជាចុះថ្ងៃទី ៩ សីហាម្សិលមិញបានបង្ហាញថា៖ «យើងខ្ញុំជាជនជាតិដើមភាគតិចសូមប្រកាសថា ពួកយើងមិនដែលជំទាស់នឹងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលឡើយ ផ្ទុយទៅវិញពួកយើងចង់បាន និងជំរុញឲ្យមានការអភិវឌ្ឍចំពោះជនជាតិដើមភាគតិច ប៉ុន្ដែការអភិវឌ្ឍដែលពួកយើងចង់បាននោះគឺត្រូវស្របជាមួយឆន្ទៈរបស់ពួកយើងដែលស្របនឹងគោលការណ៍ទទួលព័ត៌មានពិគ្រោះយោបល់ជាមុន និងព្រមព្រៀងដោយសេរីប្រកបដោយការគោរពសិទ្ធិពិតប្រាកដដូចមានចែងក្នុងសេចក្ដីប្រកាសរបស់អង្គការសហប្រជាជាតិពីសិទ្ធិជនជាតិដើមភាគតិចដែលរាជរដ្ឋាភិបាលកម្ពុជាបានបោះឆោ្នតគាំទ្រនាមហាសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០០៧ កន្លងមក។
សេចក្ដីថ្លែងការណ៍បន្តថាការបារម្ភ និងការប្រឈមយ៉ាងធ្ងន់ធ្ងរនេះយើងខ្ញុំជាជនជាតិដើមភាគតិចនៅកម្ពុជាសូមអំពាវនាវ និងសំណូមពរដល់រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធនានាសូមជួយអន្តរាគមន៍ទទួលខុសត្រូវ និងដោះស្រាយជាបន្ទាន់លើចំណុចបញ្ហាដែលបានកើតមានមកលើពួកយើង ក្នុងនោះបញ្ឈប់រាល់គម្រោងរ៉ែទាំងអស់នៅតំបន់ជនជាតិដើមភាគតិចដែលបានធ្វើឲ្យប៉ះពាល់ដល់សហគមន៍ជនជាតិដើមភាគតិច បញ្ឈប់គម្រោងផ្ដល់ដីសម្បទានណាដែលប៉ះពាល់សហគមន៍ដូចជា ក្រុមហ៊ុន ឡានហ្វេង រ៉ូយហ្វេង និងក្រុមហ៊ុនមេហ្គាហ្វើស ជាដើម។ ត្រូវសម្រួល និងបញ្ឈប់ការគំរាមកំហែង រារាំងការប្រារព្ធព្រឹត្តិការណ៍វប្បធម៌ជនជាតិដើមភាគតិច និងបញ្ហាមួយចំនួនទៀត។
លោក យុន ឡូរ៉ង់ អ្នកសម្របសម្រួលសម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជាបានលើកឡើងថា មូលហេតុដែលគណៈកម្មការសម្រេចលើកយកប្រធានបទការចំណាកស្រុក និងការផ្លាស់ទីរបស់ជនជាតិដើមភាគតិចនេះដោយសារមានជនជាតិដើមភាគតិចបាននាំគ្នាធ្វើការជាកម្មករនៅក្រៅប្រទេសកាន់តែច្រើនឡើងៗហើយមនុស្សចាស់ៗដែលនៅចាំផ្ទះក៏ទទួលរងការបណ្ដេញចេញដោយបង្ខំផងដែរ។
លោកបន្តថាការផ្លាស់ទីរបស់ចាស់ៗក្នុងភូមិនេះ ដោយសារការអភិវឌ្ឍតាមរយៈការផ្ដល់ដីសម្បទាន និងការកាប់បំផ្លាញព្រៃឈើដែលជាទីពឹងរបស់ជនជាតិដើមភាគតិច។

លោកថា៖ «ឥឡូវនេះយើងឃើញជាក់ស្ដែងហើយថា មនុស្សប្រុស-ស្រី ពេញកម្លាំងធ្វើចំណាកស្រុកដោយដើរស៊ីឈ្នួលគេ រីឯចាស់ៗនៅចាំផ្ទះត្រូវផ្លាស់ទីដោយសារគេរំលោភដីធ្លីគ្មានការទទួលខុសត្រូវ និងការកាប់បំផ្លាញព្រៃឈើយ៉ាងអនាធិបតេយ្យផងដែរ»។
លោក យឹម ជុង ប្រធាននាយកដ្ឋានជនជាតិភាគតិចនៃក្រសួងអភិវឌ្ឍន៍ជនបទ មិនអាចទាក់ទងសុំការបញ្ជាក់ជុំវិញការប្រារព្ធទិវានេះនៅឡើយទេ កាលពីម្សិលមិញ។
បន្ថែមលើនេះការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ដោយមានការគាំទ្រពី European Union in Cambodia បាននិងកំពុងគាំទ្រសហគមន៍ជនជាតិដើមភាគតិចក្នុងការប្រារព្ធទិវាជនជាតិដើមភាគតិច ហើយបាន និងកំពុងជួយសហគមន៍ទាំងនោះក្នុងដំណើរការផ្តល់ប័ណ្ណកម្មសិទ្ធិដីសមូហភាព។
ការិយាល័យ OHCHR បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាផ្តល់ឱកាសមួយដល់ជនជាតិដើមភាគតិចទាំងឡាយបង្ហាញពីវប្បធម៌ និងប្រពៃណីរបស់ពួកគេដើម្បីផ្តោតការយកចិត្តទុកដាក់លើសិទ្ធិ និងវប្បធម៌របស់ជនជាតិដើមភាគតិចដែលជាបញ្ហាដ៏ចម្បង។
តាមរបាយការណ៍របស់បណ្ដាញសម្ព័ន្ធសហគមន៍ជនជាតិដើមភាគតិចកម្ពុជាបានបង្ហាញថា នៅលើពិភពលោកមានជនជាតិដើមភាគតិចជាង ៣៧០ លាននាក់ដែលកំពុងរស់នៅលើជាង ៩០ ប្រទេស។ ក្នុងចំណោមប្រទេសទាំងនោះកម្ពុជាជាប្រទេសចំណាស់មួយដែលមានជនជាតិដើមភាគតិចចំនួន ២៤ ក្រុម សរុបមាន ២៧៦ ៨៧៨ នាក់ (ទិន្នន័យឆ្នាំ ២០១៥) ក្នុងខេត្តចំនួន ១៥ ដែលបានធ្វើឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសដែលសម្បូរដោយវប្បធម៌។
អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន មិនអាចទាក់ទងសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេកាលពីម្សិលមិញ៕


