ភ្នំពេញៈ សមាជិកនៃគណៈកម្មាធិការបុណ្យសពលោក កែម ឡី កំពុងគាំទ្រការអំពាវនាវមួយពីប្រធានគណៈកម្មការសិទ្ធិមនុស្សរបស់រដ្ឋសភាឲ្យមានការសួរសំណួរជាសាធារណៈទៅមន្រ្តីអំពីការស៊ើបអង្កេត ករណីឃាតកម្មលោក កែម ឡី កាលពីខែ កក្កដា ជាឃាតកម្មថ្មីមួយដែលធ្វើឲ្យរំជួលចិត្តទូទាំងប្រទេស និងអន្តរជាតិ។
លោក អេង ឆៃអ៊ាង តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ និងជាប្រធានគណៈកម្មការសិទ្ធិមនុស្សរបស់រដ្ឋសភា បានប្រាប់សារព័ត៌មានក្នុងស្រុកថា ការស៊ើបអង្កេតរបស់រដ្ឋាភិបាលលើករណីបាញ់សម្លាប់លោក កែម ឡី គឺមានដំណើរការយឺតណាស់ ហើយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិងយុត្តិធម៌គួរត្រូវសាកសួរនៅរដ្ឋសភា។
ជាការឆ្លើយតប សកម្មជនសង្ឃព្រះតេជគុណ ប៊ុត ប៊ុនតិញ ដែលជាសមាជិកគណៈកម្មការបុណ្យសព មានសង្ឃដីកាថា គណៈកម្មការគាំទ្រការអំពាវនាវនេះហើយជំរុញឲ្យមានតម្លាភាពជាមុននៅក្នុងការស៊ើបអង្កេត។
ព្រះតេជគុណបានបន្តថា៖ «អត្មាគិតថា វាជាគំនិតល្អចំពោះការសាកសួរជាសាធារណៈ ហើយគួរតែមានមនុស្សជាច្រើនតាមដែលអាចធ្វើទៅបានដែលពាក់ព័ន្ធក្នុងដំណើរការនេះ»។
ព្រះតេជគុណបានថ្លែងបន្តថា វីដេអូពីហ្គារ៉ាស់សាំងដែលជាកន្លែងឃាតកម្មកើតឡើង គួរត្រូវចេញបង្ហាញជាសាធារណៈ។
ទន្ទឹមនេះ លោក មឿន តុលា ដែលជាសមាជិកម្នាក់ទៀតនៃគណៈកម្មការបុណ្យសពលោក កែម ឡី បានថ្លែងថា លោកសង្ស័យអាជ្ញាធរមិនខំស្វែងរកអ្នកដែលប្រព្រឹត្តឃាតកម្មនេះ។
លោកបានថ្លែងថា៖ «យើងមិនពេញចិត្តចំពោះការស៊ើបអង្កេតតាំងពីចាប់ផ្តើម ហើយមានហេតុផលជាច្រើនដែលយើងគិតថា ជនសង្ស័យមិនមែនជាឃាតករ»។
លោកថា ករណីឃាតកម្មលើលោក កែម ឡី គឺស្រដៀងគ្នានឹងករណីឃាតកម្មលោក ជា វិជ្ជា និងសកម្មជនបរិស្ថាន លោក ឈុត វុទ្ធី។
លោក តុលា បន្តថា៖ «បន្ទាប់ពី [ឃាតកម្ម] អាជ្ញាធរភ្លាមៗនោះបានយកកាមេរ៉ាចេញ[ពីហ្គារ៉ាស់សាំង] ហើយហាក់បីដូចជាចង់បិទបាំងភ័ស្តុតាង»។
គ្រាន់តែ ៤ ម៉ោងបន្ទាប់ពីឃាតកម្មនេះ នគរបាលបានចេញវីដេអូសារភាពមួយក្នុងនោះ ជនសង្ស័យ ឈ្មោះ អឿត អាង អាយុ ៤៤ ឆ្នាំ ដែលជាអតីតទាហានបានឆ្លើយថា គាត់បានសម្លាប់លោក កែម ឡី ដោយសារជំពាក់លុយមិនសង ហើយការឆ្លើយសារភាពរបស់គាត់ត្រូវបានរិះគន់ដោយសាធារណជនទូទៅនិងគ្រួសារ។
លោក អេង ឆៃអ៊ាង មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេកាលពីម្សិលមិញ៕ PS
ប៊ុន សេងគង់ និង Cristina Maza


