ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានសម្រេចផ្អាកបណ្ដោះអាសន្ននូវការនាំចូលការផ្គត់ផ្គង់ និងការចែកចាយបន្តនូវថ្នាំកម្ចាត់ស្មៅគ្រប់ប្រភេទ បន្ទាប់ពីមានករណីពុលពលរដ្ឋនៅភូមិស្រែន និង ភូមិអាលច ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះដែលគេសង្ស័យលើករណីប្រើប្រាស់ថ្នាំកសិកម្មខុសច្បាប់។ នេះបើតាមសេចក្ដីជូនដំណឹងរបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងនេះចុះថ្ងៃទី ២៥ ខែឧសភាកន្លងមក។
ក្នុងសេចក្ដីជូនដំណឹងនោះ លោករដ្ឋមន្ត្រីបានណែនាំដល់ម្ចាស់ក្រុមហ៊ុនធ្វើអាជីវកម្មនាំចូលថ្នាំកសិកម្ម រួមទាំងម្ចាស់ដេប៉ូផ្គត់ផ្គង់ ចែកចាយថ្នាំកសិកម្មទាំងអស់ត្រូវផ្អាកបណ្ដោះអាសន្ននូវការនាំចូល ផ្គត់ផ្គង់ និងចែកចាយថ្នាំកម្ចាត់ស្មៅគ្រប់ប្រភេទដោយរង់ចាំការត្រួតពិនិត្យពីមន្ទីរកសិកម្ម រាជធានី-ខេត្ត ជាមុនសិនដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានណែនាំដល់សមត្ថកិច្ចនៅតាមច្រកព្រំដែនអន្តរជាតិ ច្រកទ្វេភាគី ច្រករបៀង និង ច្រកចេញចូលផ្សេងៗទៀតផងដែរ ដោយលោកបានបញ្ជាក់ថា៖ «ត្រូវរួមសហការទប់ស្កាត់ការនាំចូលខុសច្បាប់នូវថ្នាំកសិកម្មគ្រប់ប្រភេទ។ ក្នុងករណីមានការសង្ស័យពាក់ព័ន្ធបទល្មើសត្រូវរាយការណ៍ និងសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្តដើម្បីទប់ស្កាត់ជាបន្ទាន់»។
ដោយឡែកចំពោះក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច និងម្ចាស់កសិដ្ឋានដែលបាននាំចូលថ្នាំកសិកម្មទៅប្រើក្នុងកសិដ្ឋានរបស់ខ្លួនក៏លោករដ្ឋមន្ត្រីតម្រូវឱ្យរាយការណ៍ជូនក្រសួងផងដែរដើម្បីឱ្យមន្ត្រីចុះត្រួតពិនិត្យ និងណែនាំពីបច្ចេកទេសប្រើប្រាស់ឲ្យមានប្រសិទ្ធភាព និងសុវត្ថិភាព។
លោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្មបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ក្រុមហ៊ុននាំចូលថ្នាំ និងជីកសិកម្មដែលបានចុះបញ្ជិកា និងទទួលស្គាល់ដោយក្រសួងកសិកម្មមានប្រមាណ ១០០ ក្រុមហ៊ុន។ ប៉ុន្តែលោកពុំបានបញ្ជាក់អំពីបរិមាណ និងតម្លៃថ្នាំ និងជីនាំចូលទាំងនោះក្នុងមួយឆ្នាំៗថាមានប៉ុន្មាននោះទេ។
ក្រៅពីក្រុមហ៊ុនស្របច្បាប់ ថ្នាំ និងជីកសិកម្មត្រូវបានគេជឿថាមានការលួចនាំចូលខុសច្បាប់ដោយក្រុមពាណិជ្ជករទុច្ចរិតមួយចំនួនដែលគិតតែពីផលចំណេញផ្ទាល់ខ្លួនធ្វើឲ្យប៉ះពាល់សុខភាពពលរដ្ឋ បរិស្ថាន និងសង្គមជាតិ។
ជាក់ស្ដែងការរកឃើញជាតិពុលក្នុងប្រភពទឹក ព្រែកទេរ និងអូរគគីរក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ដែលត្រូវគេសង្ស័យថាបង្កឡើងដោយថ្នាំបាញ់សម្លាប់ស្មៅ និងថ្នាំសម្លាប់សត្វល្អិតនោះគឺជាសារមួយបង្ហាញថាមានការនាំចូលថ្នាំកសិកម្មខុសច្បាប់មកកម្ពុជា។
លោក ភុំ រ៉ា បានបញ្ជាក់ថា៖ «ជុំវិញករណីនេះយើងនៅពុំទាន់មានភ័ស្ដុតាងជាក់ស្ដែងទេ។ យើងផ្អាកការនាំចូលជាបណ្ដោះអាសន្ននូវថ្នាំបាញ់សម្លាប់ស្មៅគ្រប់ប្រភេទហើយក្រោយពីយើងពិនិត្យស្រាវជ្រាវដឹងការពិតហើយនោះ យើងនឹងបើកឲ្យមានការនាំចូលឡើងវិញ»។
ទាក់ទិននឹងករណីនេះលោក ឧកញ៉ា ម៉ុង ឫទ្ធី ម្ចាស់ក្រុមហ៊ុនចម្ការដូងប្រេងដ៏ធំនៅកម្ពុជាបានថ្លែងថា នោះវានឹងប្រឈមការខាតបង់ ខណៈមានការផ្អាកការនាំចូលជាបណ្ដោះអាសន្នបែបនេះពោលគឺក្នុងករណីក្រុមហ៊ុនមានការបញ្ជាទិញនូវថ្នាំ ឬជីកសិកម្ម ហើយបានកក់លុយទៅឲ្យភាគីម្ខាងទៀត តែមិនបាននាំចូលសម្រាប់ការផ្គត់ផ្គង់កសិដ្ឋានរបស់ខ្លួន។
យ៉ាងណាក្ដីលោកបានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកនាំចូលតែជីកសិកម្មប៉ុណ្ណោះ៕


