ភ្នំពេញៈ លោក ហូរ វ៉ាន់ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ពុំបានបង្ហាញខ្លួននៅតុលាការទេ កាលពីម្សិលមិញ ដែលលោកត្រូវបានកោះទៅសាកសួរ ទាក់ទងនឹងតួនាទីរបស់លោកក្នុងបាតុកម្មហិង្សា កាលពីខែកក្កដា ឆ្នាំមុន។
តំណាងរាស្រ្តគណបក្សប្រឆាំងប្រចាំមណ្ឌលភ្នំពេញ បានថ្លែងថា លោកជាប់រវល់ពេកមិនអាចចូលរួមសវនាការទេ ដោយលើកមូលហេតុផ្ទាល់ខ្លួន ដែលរារាំងលោកមិនឲ្យបង្ហាញខ្លួន។ លោកបញ្ជាក់ថា៖ «ខ្ញុំទុករឿងក្តីនេះឲ្យមេធាវីខ្ញុំ ព្រោះខ្ញុំជាប់រវល់។ នៅថ្ងៃបន្ទាប់ ខ្ញុំមានពេលវេលាខ្លះ ខ្ញុំអាចទៅ [តុលាការបាន]»។
លោក វ៉ាន់ ត្រូវបានចាប់ខ្លួន ព្រមជាមួយនឹងតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ៧ រូបផ្សេងទៀត បន្ទាប់ពីមានការតវ៉ានៅថ្ងៃទី ១៥ ខែ កក្កដា ដែលមានគោលបំណងទាមទារឲ្យបើកទីលានប្រជាធិបតេយ្យ ជូនសាធារណជន។ តំណាងរាស្រ្តទាំងអស់ ដែលត្រូវបានចាប់ខ្លួន បន្ទាប់ពីបាតុកម្ម ត្រូវបានគេចោទប្រកាន់ពីបទដឹកនាំអំពើបះបោរ ហើយខណៈដែលពួកគេត្រូវបានដោះលែងពីពន្ធនាគារនៅថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១៤ នៅពេលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ប៉ុន្តែ ពួកគេត្រូវបានកោះឲ្យចូលតុលាការជាថ្មីពាក់ព័ន្ធនឹងបទចោទដដែល។
លោក កើត ឃី មេធាវីរបស់លោក ហូ វ៉ាន់ ថ្លែងថា នៅពេលកូនក្តី ប្រាប់លោកឲ្យស្នើពន្យារពេលសវនាការ លោកបានណែនាំថា លោកមិនអាចស្នើសុំឲ្យចៅក្រមពន្យារពេលសវនាការទេ ព្រោះសំណើត្រូវដាក់ចូលតុលាការ នៅមុនថ្ងៃកំណត់ធ្វើការសាកសួរ។
លោកថា៖ «ជាធម្មតា ក្នុងរឿងព្រហ្មទណ្ឌ មេធាវីមិនអាចចូលខ្លួនជាតំណាងទេ ខ្ញុំក៏មិនអាចជាប់ពន្ធនាគារជំនួសគាត់ទេ»។
លោកចៅក្រម កែវ មុនី ដែលបានសួរចម្លើយតំណាងរាស្រ្តនៅពន្ធនាគារព្រៃស បន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួន មិនអាចទាក់ទងបានទេ កាលពីម្សិលមិញ។
លោក អំ សំអាត អ្នកស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការលីកាដូ ថា ការកោះមានបំណងដើម្បីរំខានការងាររបស់តំណាងរាស្រ្ត ហើយថា ពួកគេមិនអាចគេរំពឹងថា នឹងចូលរួមក្នុងសវនាការ តាមសេចក្តីជូនដំណឹងរយៈពេលខ្លីនោះទេ។ លោកថា៖ «តំណាងរាស្រ្តមិនគួរត្រូវបានកោះ តាមចិត្តរបស់តុលាការទេ។ គេមិនគួរចូលរួមដោយផ្ទាល់ទេ»៕ TK


