ភ្នំពេញៈ ចៅអធិការវត្តចាស់នៅខណ្ឌ ជ្រោយចង្វារ មានសង្ឃដីកាឲ្យដឹងម្សិលមិញថា ព្រះតេជគុណនឹងមិនអនុញ្ញាតឲ្យប្រារព្ធពិធីបុណ្យខួប ១០០ ថ្ងៃរបស់លោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយដ៏ល្បីឈ្មោះមួយរូបដែលត្រូវឃាតករបាញ់សម្លាប់នោះ នៅក្នុងវត្តខាងលើឡើយ។
ព្រះតេជគុណ មាស សុខន សរសេរនៅក្នុងលិខិតមួយទៅកាន់គណៈកម្មការរៀបចំពិធីបុណ្យថា៖ «អាត្មា ជាចៅអធិការវត្តពោធិយ៉ារាម [វត្តចាស់] បានព្រមព្រៀងជាមួយនឹងសេចក្តីប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញ មិនអនុញាតិឲ្យវត្តត្រូវបានប្រើប្រាស់ដើម្បីប្រារព្ធពិធីបែបនេះនោះឡើយ»។
ព្រះតេជគុណបានបន្តថា៖ «ដូច្នេះហើយ ប្រសិនជាគណៈកម្មការសម្រាប់ពិធីបុណ្យ ១០០ ថ្ងៃនៃសពលោក កែម ឡី ឬ ក្រុមដទៃទៀតរៀបចំពិធីខាងលើនេះ អាត្មា ជាចៅអធិការនៃគណៈកម្មការវត្តនឹងមិនទទួលខុសត្រូវឡើយ ហើយអាត្មានឹងសុំឲ្យរដ្ឋបាលរាជធានីចាត់វិធានការតាមផ្លូវរដ្ឋបាល។
លោក ប៉ា ងួនទៀង ប្រធានគណៈកម្មការរៀបចំពិធីបុណ្យ ១០០ ថ្ងៃនេះ បានឲ្យដឹងថា គម្រោងរៀបចំកម្មវិធីបុណ្យសម្រាប់ថ្ងៃសុក្រ សៅរ៍ និងអាទិត្យ នឹងត្រូវតែត្រូវបានអនុវត្តឡើងបន្ត បើទោះបីជាមានការប្រឆាំងពីអាជ្ញាធរ និងចៅអធិការវត្តក៏ដោយ។
លោកនិយាយថា៖ «ព្រះអង្គប្រហែលជារងសម្ពាធពីអាជ្ញាធរ។ យើងនៅតែកំពុងរកវិធីមួយដើម្បីចរចារ និងពិភាក្សាជាមួយនឹងព្រះចៅអធិការដើម្បីធានាឲ្យបានថា យើងអាចរៀបចំពីធីបុណ្យនៅវត្តនោះបាន»៕ TN


