ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) កាលពីម្សិលមិញបានចេញរបាយការណ៍ថារហូតមកទល់ពេលនេះអ្នកចុះឈ្មោះបោះឆ្នោតមានជិត ២ លាននាក់ខណៈដែលមានបណ្ដឹងយ៉ាងហោច ១៧ ដែលភាគច្រើនប្ដឹងដោយបុគ្គលក្នុងគណបក្សកាន់អំណាច និងបក្សប្រឆាំង។
បញ្ជីអ្នកចុះឈ្មោះបោះឆ្នោតដែលធ្វើតាមប្រព័ន្ធឌីជីថលថ្មីគឺជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីរៀបចំធ្វើឲ្យការបោះឆ្នោតមានលក្ខណៈ «សេរី និងយុត្តិធម៌» ហើយប្រសិនបើមានការប្តឹងតវ៉ាណាមួយនោះអ្នកឃ្លាំមើលការបោះឆ្នោតនឹងឆ្លើយតបឲ្យបានឆាប់រហ័ស។
កាលពីម្សិលមិញមន្ត្រីជាន់ខ្ពស់ (គជប) បានចេញរបាយការណ៍ក្នុងពេលធ្វើសន្និសីទកាសែតមួយនៅទីស្នាក់ការកណ្តាលក្នុងរាជធានីភ្នំពេញស្តីពីស្ថានការណ៍ជិតពីរសប្តាហ៍នៅក្នុងដំណើរការនៃការចុះឈ្មោះបោះឆ្នោត។
អគ្គលេខាធិការ (គជប) លោក ទេព នីថា បានឱ្យដឹងថាក្នុងរយៈពេល ១៣ ថ្ងៃគឺមានពលរដ្ឋជិត ២ លាននាក់បានទៅចុះឈ្មោះបោះឆ្នោតនៅក្នុងប្រព័ន្ធថ្មីនេះ។ លោកបានបន្តថា តាមតួលេខប៉ាន់ស្មានពលរដ្ឋកម្ពុជាមានសិទ្ធិចុះឈ្មោះបោះឆ្នោតមានប្រហែល ៩,៦ លាននាក់ និងត្រូវប្រើពេលចុះឈ្មោះបីខែ។
លោកបានថ្លែងថា៖ «លទ្ធផលនេះគឺល្អប្រសើរជាងអ្វីដែលយើងរំពឹងទុក»។ ដោយលោកបានបន្ថែមថាក្នុងចំណោមអ្នកចុះឈ្មោះទាំងនោះគឺស្ត្រីមានចំនួន ៥៣ ភាគរយ។
លោក ទេព នីថា ក៏បានលើកឡើងដែរថាពលរដ្ឋកម្ពុជាដែលបានចុះឈ្មោះបោះឆ្នោតទាំងនោះគឺមាន ៨៨ ភាគរយបានប្រើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មីហើយមាន ៩ ភាគរយប្រើអត្តសញ្ញាណប័ណ្ណប្រភេទចាស់ និងប្រហែល ២ ភាគរយ ឬ ៤០០០ នាក់ប្រើឯកសារបញ្ជាក់អត្តសញ្ញាណ។
តាមរបាយការណ៍នោះបានបញ្ជាក់ថាមានពាក្យបណ្តឹងដាក់នៅក្រុមប្រឹក្សាឃុំសង្កាត់ចំនួន ៨ បណ្តឹង និងដាក់មកនាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្មនៃ គជប ចំនួន ៩ បណ្តឹង។
សមាជិក និង ជាអ្នកនាំពាក្យ គជប លោក ហង្ស ពុទ្ធា បានឱ្យដឹងថាភាគច្រើននៃពាក្យបណ្តឹងទាំងនោះគឺរវាងបុគ្គល និង បុគ្គលដោយផ្តល់ជាឧទាហរណ៍មួយនៃពាក្យបណ្តឹងរបស់គណបក្សប្រជាជននៅខេត្តកំពតដែលប្តឹងអ្នកសង្កេតការណ៍គណបក្សសង្គ្រោះជាតិថាបានរំខានដល់អ្នកចុះឈ្មោះបោះឆ្នោត។
លោកក៏បានលើកឡើងឧទាហរណ៍ស្រដៀងគ្នាផងដែរនៅក្នុងខេត្តសៀមរាបដែលបណ្ដឹងប្ដឹងដោយគណបក្សសង្គ្រោះជាតិ។ លោកថា៖ «យើងកំពុងដោះស្រាយបណ្តឹងទាំងនោះ»។
ដោយឡែកកាលពីម្សិលមិញសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតបានចេញសេចក្តីថ្លែងការណ៍មួយដោយបានទាមទារឲ្យរដ្ឋាភិបាលទម្លាក់ចោលការចោទប្រកាន់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោក កឹម សុខា ថាជាការរំលោភលើរដ្ឋធម្មនុញ្ញ។
លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការនិកហ្វិចដែលនៅក្នុងចំណោមសមាជិករបស់សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតបានអំពាវនាវឲ្យមានភាពស្ងប់ស្ងាត់ដោយបានថ្លែងថាភាពតានតឹងផ្នែកនយោបាយបង្កើតជា «ឧបសគ្គ» ដល់ដំណើរការចុះឈ្មោះបោះឆ្នោត។
លោកបន្តថា៖ «ប្រជាជនព្រួយបារម្ភពីសុវត្ថិភាពពួកគាត់ហើយបាត់បង់ទំនុកចិត្តក្នុងប្រព័ន្ធបោះឆ្នោត»៕ NS


