ស្វាយរៀងៈ អង្គការកំចាត់មីនកម្ពុជាហៅកាត់ថា ស៊ីម៉ាក់ បានរកឃើញគ្រាប់មិនទាន់ផ្ទុះមានសារធាតុគីមី ២ គ្រាប់បន្សល់ពីសម័យសង្គ្រាមនៅក្នុងទីធ្លាសាលារៀនមួយក្នុងវត្តគគីរស្ថិតនៅភូមិគគីរ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀងហើយនៅពេលដែលយកគ្រាប់នេះចេញ អង្គការស៊ីម៉ាក់នឹងធ្វើការជម្លៀសប្រជាពលរដ្ឋចេញពីតំបន់នោះ។
លោក ហេង រតនា ប្រធានអង្គការស៊ីម៉ាក់ បានឲ្យដឹងថាគ្រាប់បែកនេះជាប្រភេទគ្រាប់បែកមានសារធាតុគីមីប្រភេទ chlorobenzalmalononitrile (CS)។ វាត្រូវបានទម្លាក់ពីយន្តហោះដោយសហរដ្ឋអាមេរិកដែលមាន ២ គ្រាប់បានធ្លាក់ចំសាលាឆាន់នៅក្នុងវត្តមួយហើយ ២ គ្រាប់ទៀតមិនបាន ផ្ទុះដែលបច្ចុប្បន្ននេះស្ថិតនៅ ២០ ម៉ែត្រពីគ្នាក្នុងបរិវេណវត្ត។ គ្រាប់បែកនេះមានទម្ងន់ប្រហែល ២០០ គីឡូក្រាមក្នុងមួយគ្រាប់។
យោងតាមគេហទំព័រមួយចំនួនសារធាតុ CS ជាសារធាតុដែលគេប្រើក្នុងគ្រាប់បែកបង្ហូរទឹកភ្នែកដែលមានឥទ្ធិពលធ្វើឲ្យប៉ះពាល់ដល់ផ្លូវដង្ហើម។
លោក រតនា បានថ្លែងថា៖ «ក្រោយពេលយើងបានទទួលព័ត៌មានយើងបានបញ្ជូនក្រុមការងារទៅសិក្សា និងសម្ភាសជាមួយសាក្សី ២ ទៅ ៣ នាក់ដែលគាត់ជាអ្នកកប់ផ្ទាល់។ ថ្ងៃស្អែក (ថ្ងៃពុធ) ខ្ញុំនឹងបញ្ជូនក្រុមបច្ចេកទេសទៅសិក្សាឲ្យបានជាក់លាក់ហើយសិក្សាពីវិធីដែលមានសុវត្ថិភាពឧទាហរណ៍ដូចជាត្រូវដាក់ខ្សាច់ ឬត្រូវធ្វើយ៉ាងម៉េច»។
លោកនិយាយថា គ្រាប់បែកនេះមិនអាចទុកនៅទីនោះបន្តទៀតបានទេដោយសារពលរដ្ឋមានការភ័យខ្លាចហើយណាមួយខ្លាចក្រែងមានជនខិលខូចទៅធ្វើអ្វីផ្តេសផ្តាស។ ដើម្បីគាស់យកគ្រាប់បែកនេះទៅកម្ទេចចោលបានលោកថាត្រូវជម្លៀសពលរដ្ឋចេញ ប៉ុន្តែលោកមិនទាន់ប្រាកដថាប៉ះពាល់ពលរដ្ឋប៉ុន្មានគ្រួសារ ឬត្រូវស្ថិតនៅចម្ងាយប៉ុន្មានទេ ដោយលោករង់ចាំការសិក្សាពីក្រុមបច្ចេកទេសសិន។
លោកនិយាយថា៖ «ព័ត៌មានបែកធ្លាយហើយដូច្នេះមិនអាចទុកទៀតបានទេ។ យើងនឹងត្រូវការពេល ២ ទៅ ៣ ថ្ងៃដើម្បីយកវាចេញប្រហែលដើមខែកុម្ភៈ ហើយអាចនៅចុងសប្តាហ៍»។
ទោះបីយ៉ាងណា លោកបានបញ្ជាក់ថា គ្រាប់បែកគីមីប្រភេទនេះមិនមែនជាលើកទីមួយទេដែលក្រុមការងាររបស់លោកបានរកឃើញ។ លោកនិយាយថាគ្រាប់បែកប្រភេទនេះធ្លាប់ត្រូវបានរកឃើញច្រើនលើកតែនៅតែក្នុងចម្ការរបស់ពលរដ្ឋប៉ុណ្ណោះហើយនេះជាលើកទី ១ ដែលរកឃើញក្នុងសាលារៀន។
នៅលើទំព័រហ្វេសប៊ុករបស់លោក លោក ហេង រតនា បានដាក់សំណួរបែបរិះគន់ថា៖ «នេះជាកេរមរតក និងជារង្វាន់សល់ពីសង្គ្រាមសម្រាប់កូនខែ្មរជំនាន់ក្រោយៗទៀតឬ?»។
លោក ទិត សារ៉ានី នាយប៉ុស្តិ៍នគរបាលឃុំគគីរបានឲ្យដឹងថាគ្រាប់បែកគីមីនេះត្រូវបានរកឃើញកាលពីសប្តាហ៍មុននៅពេលដែលមានការបញ្ចុះបឋមសិលាព្រះវិហារវត្តគគីរ។ លោកបន្តថាគ្រាប់បែកនេះស្ថិតនៅជ្រៅក្នុងដី។
លោក ដុំ សំអូន មេឃុំគគីរបាននិយាយថាដោយសារគ្រាប់បែកនោះកប់ជ្រៅក្នុងដី ពលរដ្ឋមិនមានការភ័យខ្លាចទេទោះបីពួកគាត់ដឹងថាមានគ្រាប់នៅទីនោះក្តី ប៉ុន្តែលោកថាលោកផ្ទាល់មានការភ័យខ្លាចពេលគ្រាប់នោះត្រូវគាស់យកចេញ។
លោកនិយាយថា៖ «តាមចិត្តខ្ញុំមិនចង់ឲ្យគាស់ចេញទេបើគាស់ខ្លាចថ្នាំគីមីវាភាយ។ ខ្លាចវាប៉ះពាល់កើតរមាស់កើតអី។ កាលពីជំនាន់ឆ្នាំ ៧០ ពេលទម្លាក់មកវាក្តៅភាយដូចយើងបុកម្រេចអ៊ីចឹង។ គ្រាប់ហ្នឹងដូចមិនមែនគ្រាប់ទេគឺដូចធុងដែកធំមានគីមីតែមានកឹបដែរ។ ថ្នាំហ្នឹងឆួល»៕


