ភំ្នពេញៈ យុវជនម្នាក់ដែលត្រូវចោទប្រកាន់ពីបទនាំមនុស្សចេញមិនស្រប ច្បាប់និងរួមភេទជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំ ត្រូវសាលាដំបូងរាជធានី បើកសវនាការជំនុំជម្រះកាលពីម្សិលមិញ។
លោក សួស សំអាត ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានថ្លែងថា ម៉េន សីហា ភេទប្រុស អាយុ ១៨ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទនាំចេញមិនស្របច្បាប់ និងរួមភេទជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំកាលពីខែមិថុនាឆ្នាំ ២០១១។
ក្នុងសវនាការ ម៉េន សីហាប្រាប់តុលាការថា គាត់ជាសន្តិសុខនៅសាលារៀនញូវតុនធីឡាយ។ គាត់ និង ហ.ហ ស្រឡាញ់គ្នា៣-៤ខែ បានដើរលេងជាមួយគ្នា។ នៅថ្ងៃទី១៤ ខែមិថុនា ហ.ហ មកប្រាប់ថា នាងមិនហ៊ានចូលផ្ទះ រួចក៏នាំគ្នាទៅដេកនៅកំពង់សោម៦ថ្ងៃ៥យប់។ ហ.ហដេកឱបគាត់ ទ្រាំមិនបានគេក៏រួមភេទនឹងនាងតែមិនសម្រេចទេដោយនាងថាឈឺ។«ការ រួមរ័កនេះមិនមានការបង្ខំទេ គឺជាការស្ម័គ្រចិត្ត»។
ជនរងគ្រោះ ហ.ហ ប្រាប់ដែរថា បានណាត់់គ្នាទៅទឹកល្អក់ រួចបន្តទៅសៀមរាប ដេកនៅផ្ទះសំណាក់និងទៅដេកនៅផ្ទះមិត្តភក្តិ សីហា ហើយរួមភេទទីនោះ។ ប៉ុន្តែអាណាព្យាបាលនាងដកពាក្យបណ្តឹងមិនទាមទារសំណង និងមិនមកបំភ្លឺនៅតុលាការទៀតដែរ។
លោក ផាត ផល្លា ប្រធានផ្នែក ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ក្រសួងមហាផ្ទៃបានឲ្យដឹងថា ខាងលោកទទួលពាក្យបណ្តឹងពីឪពុកជនរងគ្រោះ ហើយក្រោយពេលសាកសួរ គេប្រាប់ថាបានរួមភេទ ហើយខាងមន្ទីរពេទ្យថាមានស្នាមរហែកព្រហ្មចារីចាស់ និងមានស្នាមរបួសថ្មីដែរ។ លោកថា ៖ «ជនរងគ្រោះថា គាត់អាយុ១៨ឆ្នាំ តែយើងគ្មានបានលិខិតបញ្ជាក់អាយុគាត់ប៉ុន្មានទេ»។
លោក ហួង សុភ័ក្រ្ត មេធាវីចុងចោទលើកថា កូនក្តីគាត់មិនបានលួងលោមជនរងគ្រោះចេញទេ ហើយក៏មិនដឹងថានាងមានអាយុក្រោម១៥ឆ្នាំដែរ ដូច្នេះសុំឲ្យតុលាការលើកលែងបទចោទ ទៅជាបទប្រទូស្តកេរ្តិ៍ខ្មាសវិញ។
លោក ជា ម៉េត តំណាងអយ្យការបានថ្លែងថា លោកសុំតម្កល់បទចោទប្រកាន់ជនជាប់ចោទទុកដដែល។
លោក សួស សំអាត ប្រធានក្រុមប្រឹក្សាជម្រះក្តី បានថ្លែងឲ្យដឹងមុនពេលបិទសវនាការថា សាលក្រមសំណុំរឿងនេះនឹងប្រកាសនៅថ្ងៃទី៧ ខែវិច្ឆិកា៕

