ភំ្នពេញៈ សាលាឧទ្ធរណ៍ពីថ្ងៃអង្គារបានសម្រេចតម្កល់ទោសជនជាប់ចោទម្នាក់ដាក់ពន្ធនាគារអស់មួយជីវិតពីបទឃាតកម្មគិតទុកជាមុននៅឆ្នាំ២០១១ តាមសាលក្រមរបស់តុលាការខេត្តព្រះសីហនុ ទុកនៅដដែល។
លោក ចាយ ច័ន្ទតារាវណ្ណ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ ថ្លែងថា ក្រោយពីបានសួរដេញដោលនិងចម្លើយសារភាពរបស់ជនជាប់ចោទសាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រមសាលាដំបូងខេត្តព្រះសីហនុ ដែលបានផ្តន្ទាទោស ឈ្មោះ ចំរើន សុភី ភេទប្រុស អាយុ ៣០ឆ្នាំ ដាក់ពន្ធនាគារមួយជីវិតពីបទឃាតកម្មគិតទុកជាមុនប្រព្រឹត្តកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១១ នៅក្រុមទី១២ ភូមិលេខ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ទុកជាបានការដដែល។
លោកបញ្ជាក់ថា៖«ក្រុមប្រឹក្សាមិនអាចពិចារណាបន្ធូរបន្ថយទោសឲ្យបានទេ ដោយសារអំពើរបស់ជនជាប់ចោទមានភាពឃោរឃៅពេកកាប់ជនរងគ្រោះជាច្រើនកាំបិតបុ័ងតោ។ ដូចនេះតុលាការតម្កល់សាលក្រមនេះទុកនៅដដែលនិងបន្តឃុំខ្លួនជនជាប់ចោទតាមនីតិវិធី។ បើជនជាប់ចោទមិនពេញចិត្តអាចប្តឹងសារទុក្ខតាមកំណត់ច្បាប់បាន»។
លោកបន្តថា តាមអង្គហេតុ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១១ ជនជាប់ចោទបានយកកាំបិតបុ័ងតោកាប់ជនរងគ្រោះប្លន់យកម៉ូតូ តែត្រូវបានសមត្ថកិច្ចចាប់ខ្លួន ហើយសាលាដំបូងខេត្តព្រះសីហនុ បានជំនុំជម្រះនិងសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ចំរើន សុភី អស់មួយជីវិត និងឲ្យសងជំងឺចិត្តគ្រួសារជនរងគ្រោះ៣០លានរៀលតាមការប្រកាសសាលក្រមនៅថ្ងៃទី២៤ខែឧសភា ឆ្នាំ២០១២។ ប៉ុន្តែ ចំរើន សុភី បានប្តឹងឧទ្ធរណ៍ហើយសាលាឧទ្ធរណ៍ក៏បានបើកជំនុំជម្រះកាលពីម្សិលមិញ។
ក្នុងសវនាការឧទ្ធរណ៍ សុភី ប្រាប់តុលាការថា គេពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែន តែការប្តឹងឧទ្ធរណ៍ មកពីតុលាការថ្នាក់ក្រោមដាក់ទោសធ្ងន់ពេក។
ចំរើន សុភី និយាយទៀតថា៖ «តុលាការថ្នាក់ក្រោមដាក់ទោសខ្ញុំធ្ងន់ធ្ងរពេក មិនអាចឃើញពន្លឺថ្ងៃបាន។ ទើបខ្ញុំសុំឲ្យតុលាការបន្ធូរបន្ថយទោស»។
លោក នួន កាណុន ត្រូវជាឪពុកជនរងគ្រោះ ក្រិច សូនី ហៅ សូនី ភេទប្រុសអាយុ ៣១ឆ្នាំ នៅភូមិសិរីវ័ន្ត ឃុំមហាសាំង ស្រុកភំ្នស្រួច ខេត្តកំពង់ស្ពឺ បានប្រាប់ថា ជនជាប់ចោទនិងកូនគាត់ធ្វើការនៅកំពង់សោមជាមួយគ្នា នៅថ្ងៃកើតហេតុជនល្មើសយកកាំបិតបុ័ងតោកាប់លើកូនគាត់ជាច្រើន កន្លែង និងប្លន់យកម៉ូតូសេ១២៥ស៊េរីឆ្នាំ២០១១ មួយគ្រឿង។
លោកបន្តថា ក្រោយពីសម្លាប់កូនគាត់រួច ជនល្មើសបានយកម៉ូតូទៅលក់តែម្ចាស់ហាងសង្ស័យក៏បានរាយកាណ៍ទៅសមត្ថកិច្ចភ្លាមៗនោះ ក៏ឃាត់ខ្លួនបាននៅហាងទិញលក់ម៉ូតូនោះតែម្តង។
លោកបញ្ជាក់ថា៖ «នៅពេលឃើញមុខជនល្មើសខ្ញុំនិយាយអីមិនចេញទេ តែខ្ញុំពេញចិត្តនឹងការសម្រេចនេះដែលបានតម្កល់សាលក្រមខេត្ត ព្រះសីហនុដដែល»៕

