ភ្នំពេញ៖ កម្ពុជាកំពុងត្រូវបានគេមើលឃើញថាជាគំរូមួយក្នុងតំបន់អាស៊ានលើការធ្វើទំនើបកម្មការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បន្ទាប់ពីគណៈប្រតិភូជាន់ខ្ពស់របស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញមកបំពេញទស្សនកិច្ចសិក្សានៅកម្ពុជា ដើម្បីដកស្រង់បទពិសោធន៍អំពីការអភិវឌ្ឍ និងអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)។
ដំណើរទស្សនកិច្ចដែលប្រព្រឹត្តទៅពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវបានចាត់ទុកថាជាសញ្ញាបង្ហាញពីការកើនឡើងនៃតួនាទីរបស់កម្ពុជា ក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍កំណែទម្រង់រដ្ឋបាលឌីជីថលជាមួយប្រទេសជិតខាង។
ក្នុងជំនួបនេះ លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានទទួលស្វាគមន៍គណៈប្រតិភូឡាវ ដែលដឹកនាំដោយ លោក Phouvong Kittavong អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឡាវ រួមជាមួយមន្ត្រីជំនាញចំនួន ២៥រូប។
ភាគីកម្ពុជាបានបង្ហាញពីវឌ្ឍនភាពនៃគម្រោង FMIS ដែលចាប់ផ្តើមអនុវត្តតាំងពីឆ្នាំ២០១៣ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFMRP) ដោយបានវិវត្តពីដំណាក់កាលកសាងមូលដ្ឋានគ្រឹះ ទៅកាន់ដំណាក់កាលពង្រីក និងពង្រឹងប្រព័ន្ធ ហើយកំពុងឈានទៅកាន់ជំហានទី៤ សម្រាប់ឆ្នាំ២០២៦-២០៣០។
យោងតាមក្រុមការងារអភិវឌ្ឍវិស័យឯកជននៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានឱ្យដឹងថា៖ «ប្រព័ន្ធ FMIS ត្រូវបានកំណត់ចក្ខុវិស័យថា នឹងក្លាយជាថ្នាលគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទំនើប មានសមាហរណកម្ម និងទិន្នន័យពេញលេញ ដែលអាចជួយឲ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ ធ្វើការសម្រេចចិត្តបានទាន់ពេលវេលា ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពនៅឆ្នាំ២០៣០»។
ក្រុមការងារអភិវឌ្ឍវិស័យឯកជន បានលើកឡើងថា ការអនុវត្ត FMIS បានជួយកែលម្អការគ្រប់គ្រង និងអនុវត្តថវិកាជាតិ កាត់បន្ថយនីតិវិធីដោយដៃ បង្កើនប្រសិទ្ធភាពការងារ និងពង្រឹងតម្លាភាព និងគណនេយ្យភាពក្នុងការគ្រប់គ្រងធនធានសាធារណៈ។ ប្រព័ន្ធនេះក៏បានក្លាយជាមូលដ្ឋានទិន្នន័យសំខាន់សម្រាប់គាំទ្រការវិភាគ និងការសម្រេចចិត្តជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលផងដែរ។
បច្ចុប្បន្ន FMIS ត្រូវបានដាក់ឱ្យប្រើប្រាស់នៅគ្រប់ក្រសួង ស្ថាប័នសាធារណៈ រតនាគាររាជធានី-ខេត្ត និងអង្គភាពថវិកាពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សរុបជាង ៣០០ការដ្ឋាន ដោយមានអ្នកប្រើប្រាស់ប្រមាណ ៣,៩៩២នាក់។
ភាគីឡាវបានបង្ហាញពីវឌ្ឍនភាពនៃគម្រោង IFMIS របស់ខ្លួន និងគោលបំណងក្នុងការផ្លាស់ប្តូរពីប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុបែបប្រពៃណី ទៅកាន់ប្រព័ន្ធឌីជីថលទំនើប និងមានសមាហរណកម្ម ដើម្បីពង្រឹងប្រសិទ្ធភាព និងតម្លាភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
គណៈប្រតិភូឡាវក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួន រួមមានកង្វះធនធានមនុស្សជំនាញ ការគ្រប់គ្រងការផ្លាស់ប្តូរ ការសម្របសម្រួលរវាងស្ថាប័ន និងការធានានិរន្តរភាពនៃប្រព័ន្ធបច្ចេកវិទ្យា។
បញ្ហាទាំងនេះត្រូវបានពិភាក្សាជាមួយភាគីកម្ពុជា ដើម្បីស្វែងរកដំណោះស្រាយ និងដកស្រង់បទពិសោធន៍អនុវត្តជាក់ស្តែង៕


