
ដោយសារតែការតស៊ូព្យាយាម និងឆន្ទៈមោះមុតទើបធ្វើឲ្យខ្ញុំមានថ្ងៃនេះ» នេះគឺជាសម្ដីរបស់កញ្ញា អ៊ុំ កែវរដ្ឋា ដែលបានប្រែខ្លួនពីអតីតអ្នកថែរក្សាអនាម័យ រហូតបានក្លាយជាអ្នកមើលការខុសត្រូវនៅក្នុងផ្សារទំនើបមួយនៅប្រទេស អូស្រ្តាលី។
កញ្ញា អ៊ុំ កែវរដ្ឋា អាយុ ២៨ ឆ្នាំ សព្វថ្ងៃជាបុគ្គលិកឆ្នើមម្នាក់របស់ផ្សារទំនើប អិសលែន (Eastland) ស្ថិតនៅក្នុងទីក្រុង ស៊ីដនី ប្រទេស អូស្រ្តាលី។
តាមសម្ដីសំដៅម៉ឺងម៉ាត់ កញ្ញា រដ្ឋា បានប្រាប់ថា រហូតមកដល់ពេលនេះកញ្ញាគ្មានការសោកស្តាយទេដែលសម្រេចចិត្តទៅរស់នៅប្រទេស អូស្រ្តាលី។
មេការក្នុងផ្សារទំនើបរូបនោះ បាននិយាយថា៖ «ខ្ញុំអរគុណពេលវេលាដែលបណ្តាលឲ្យខ្ញុំបានមកដល់ទឹកដីអូស្រ្តាលីនេះ។ ខ្ញុំបានយល់ដឹងនូវមេរៀនជីវិតជាច្រើន តាំងពីបាតដៃទទេ រហូតដល់ពេលនេះ។ ខ្ញុំមានចំណូលខ្លួនឯងច្បាស់លាស់ ហើយទទួលបានការកោតសរសើរពីកន្លែងធ្វើការ»។
កញ្ញា រដ្ឋា បានរៀបរាប់ពីខ្សែជីវិតរបស់ខ្លួនថា កញ្ញាបានចាកចេញពីប្រទេសកម្ពុជាទៅប្រទេស អូស្រ្តាលី កាលពី ឆ្នាំ ២០១០ ក្នុងគោលបំណងចង់ទៅរៀន។ ប៉ុន្តែដោយសារតែការចំណាយច្រើនពេកហួសពីសមត្ថភាពកញ្ញាបានសម្រេចចិត្តរកការងារធ្វើបណ្តើរ និងរៀនបណ្តើរ។
កញ្ញាបានប្រាប់ថា៖ «ដំបូងឡើយ ខ្ញុំបានទៅសុំចូលធ្វើការនៅក្នុងផ្សារទំនើបលក់គ្រឿងទេសមួយ ហើយគេបានសួរខ្ញុំថាខ្ញុំចេះភាសាអ្វីខ្លះ។ ប៉ុន្ដែដោយសារតែភាសាអង់គ្លេសរបស់ខ្ញុំអន់ពេក ទើបគេស្ទាក់ស្ទើរក្នុងការជ្រើសរើសខ្ញុំឲ្យចូលធ្វើការ។ សំណាងល្អ និងដោយមានការអាណិតអាសូរពីអ្នកគ្រប់គ្រងផ្សារ ខ្ញុំក៏ត្រូវបានឲ្យចូលធ្វើការសាកល្បងនៅទីនោះ»។
មកដល់ត្រឹមចំណុចនេះ កញ្ញាពិពណ៌នាពីការងាររបស់ខ្លួនទាំងទឹកមុខក្រៀមក្រំថា៖ «ដោយសារខ្ញុំអត់ចេះភាសាទើបគេឲ្យខ្ញុំធ្វើការងារកំប៉ិកកំប៉ុក ដូចជា បោសសម្អាត បញ្ចូលអីវ៉ាន់ដាក់ធ្នើរ និងរុញអីវ៉ាន់ជាដើម។ និយាយរួម ខ្ញុំចាប់ផ្តើមការងារពីអ្នកអត់ចេះអីសោះតែម្តង»។
កញ្ញាបានបន្ថែមថា៖ «ពេលខ្លះ ខ្ញុំបោសសម្អាតបណ្តើរខ្ញុំជូតទឹកភ្នែកបណ្តើរ ដោយគិតថា កាលនៅស្រុកខ្មែរខ្ញុំមិនដែលធ្វើអីសោះ។ ប៉ុន្ដែពេលមកធ្វើការនៅទីនោះឲ្យគេស្រែកនេះស្រែកនោះដាក់ ហើយគេស្តីបន្ទោសថែមទៀតផង»។
ជីវិតឯកាគ្មានភាពកក់ក្ដៅ និងធ្វើការងារដ៏ពិបាកធ្វើឲ្យយុវតីសម្បុរស្រអែមរូបនេះគិតចង់វិល ត្រឡប់មកស្រុកកំណើតវិញម្ដងៗទៅហើយ។ ប៉ុន្តែដោយសារតែសន្ទុះចិត្ដដើម្បីកសាងអនាគត កញ្ញាត្រូវតែគិតពីរឿងតស៊ូមួយមុខប៉ុណ្ណោះ។
កញ្ញា រដ្ឋា បានបន្ដថា៖ «ដោយសារតែខ្ញុំនឹកឃើញពេលមួយដែលខ្ញុំធ្លាប់ស្តីបន្ទោស មិត្តភក្តិទៅរៀនស្រុកក្រៅ ហើយបោះបង់ការសិក្សាត្រឡប់ទៅផ្ទះវិញថា ហេតុអ្វីបានជាពួកគេមិនមានការតស៊ូក្នុងជីវិតអ៊ីចឹង នេះគ្រាន់តែទៅរៀនស្រុកគេសោះ វាគ្មានអ្វីធ្ងន់ធ្ងរទេ។ ដូច្នេះ ខ្ញុំសម្រេចចិត្តមិនត្រឡប់មកស្រុកខ្មែរវិញទេ»។
នៅពេលកញ្ញា រដ្ឋា ខិតខំព្យាយាមបំពេញការងារអស់ពីកម្លាំងកាយចិត្ត ទើបធ្វើឲ្យអ្នកគ្រប់គ្រងផ្សារមើលឃើញថា កញ្ញាជាមនុស្សម្នាក់ដែលខិតខំរៀន និងធ្វើការ។ ដូច្នេះគេក៏ប្រគល់ការងារធំៗខ្លះឲ្យកញ្ញាកាន់កាប់ដោយចាប់ផ្ដើម ជាអ្នកគ្រប់គ្រងទំនិញពីរទៅបីប្រភេទនៅក្នុងផ្សារ។
យុវតីសម្បុរ ស្រអែមរូបនេះ បានលើកឡើងថា៖ «ធ្វើការងារយូរៗទៅខ្ញុំមានអារម្មណ៍ថា ខ្លួនឯងដឹងនិងចេះការងារទាំងអស់ ទើបក្រោយមកថៅកែនោះបានប្រគល់ការងារឲ្យខ្ញុំកាន់កាប់ និងចាត់ចែងស្តុកទំនិញទាំងអស់នៅក្នុងផ្សារតែម្តង»។
ដល់ថ្ងៃនេះ កញ្ញា រដ្ឋា មិនត្រឹមតែអាចនិយាយភាសាអង់គ្លេសបានស្ទាត់ជំនាញប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងអាចនិយាយភាសាចិន និងវៀតណាមទៀតផង ហើយកញ្ញាត្រូវបានការកោតសរសើរពីសំណាក់អ្នកគ្រប់គ្រងផ្សារ ព្រមទាំងអតិថិជនផងដែរ។
កញ្ញាប្រាប់ថា៖ «ខ្ញុំទទួលបានការកោតសរសើរ ការស្រឡាញ់រាប់អានពីអតិថិជននៅក្នុងតំបន់ច្រើនណាស់ ហើយប្រហែលអតិថិជន ៨០ ភាគរយបានស្គាល់ខ្ញុំ»។
ជាមួយគ្នានេះដែរ កញ្ញានៅតែបន្តការសិក្សាផ្នែកបដិសណ្ឋារកិច្ច និងគ្រប់គ្រងសណ្ឋាគារ ដែលមួយសប្តាហ៍កញ្ញាមានពេលឈប់សម្រាកមួយថ្ងៃតែប៉ុណ្ណោះដោយកញ្ញាចំណាយពេលរៀនពីរថ្ងៃ និងធ្វើការ ៤ ថ្ងៃ។ លើសពីនេះទៅទៀត កញ្ញាបានបញ្ជាក់ថា សព្វថ្ងៃកញ្ញាគ្មានពេលសម្រាប់ខ្លួនឯងទេ។
កញ្ញាបានប្រាប់ថា៖ «ខ្ញុំធ្វើការក្នុង ១ ថ្ងៃ ១២ ម៉ោង ដែលវាជាពេលវេលាដ៏ច្រើនបំផុត។ ដូច្នេះ នៅពេលដែលខ្ញុំបានឈប់សម្រាកមួយថ្ងៃនោះខ្ញុំចំណាយពេលធ្វើកិច្ចការសាលា និងកិច្ចការផ្ទះហើយអត់សល់ពេលសម្រាប់សម្រាកលម្ហែកាយទេ»។
យ៉ាងណាមិញ កញ្ញាបញ្ជាក់ថា ការទៅរស់នៅទឹកដីថ្មីមួយនេះបានផ្តល់បទពិសោធនិងចំណេះដឹងថ្មីៗ ជាច្រើនសម្រាប់ជីវិតទាំងការប្រាស្រ័យទាក់ទងនិងការប្រកបការងារជាដើម។
កញ្ញា រដ្ឋា បានបន្ថែមថា៖ «ខ្ញុំបានជម្នះនូវរឿងរ៉ាវជាច្រើន ដូចជា ការមិនចេះភាសា ការញ៉ាំម្ហូបអាហារអឺរ៉ុប អាកាសធាតុដ៏ត្រជាក់ ភាពឯកា ការប្រកបការងារ និងការរៀនសូត្រ ហើយរហូតមកដល់ពេលនេះបញ្ហាអស់ទាំងនោះលែងជាបញ្ហាចោទរបស់ខ្ញុំទៀតហើយ»។
កញ្ញាមានគម្រោងវិលមកកម្ពុជាវិញ ក្រោយពេលបញ្ចប់វិស្សមកាលការងារ រយៈពេល ៤ ឆ្នាំ។ កញ្ញាឲ្យដឹងថា កញ្ញាចង់បង្កើតមុខជំនួញផ្ទាល់ខ្លួន ជាមួយនឹងលុយមួយចំនួនដែលកញ្ញាសន្សំបានបន្ទាប់ពីបញ្ចប់ការងារនៅ ប្រទេស អូស្រ្តាលី និងប្រើចំណេះដឹងរបស់ខ្លួនដែលបានសិក្សានៅទីនោះមកចូលធ្វើការបម្រើសង្គមមួយផ្នែកផងដែរ។
ជាចុងក្រោយ កញ្ញា រដ្ឋា បានផ្តាំផ្ញើថា៖ «ចំពោះអ្នកទៅក្រៅប្រទេស ដោយមូលហេតុមករៀនក្តី ធ្វើការក្តី សូមឲ្យរឹងមាំឡើង កុំបាក់ទឹកចិត្តនៅពេលដែលមកដល់ទឹកដីថ្មីដំបូង ហើយសូមកុំបោះបង់ចោលឱកាស គឺត្រូវខិតខំប្រឹងរៀនអ្វីដែលថ្មីៗនិងចេញមកក្រៅធ្វើការ តស៊ូព្យាយាមដើម្បីទទួលបានបទពិសោធល្អសម្រាប់ជីវិត»៕


